ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ស្ទើរតែពេញមួយថ្ងៃនេះ (៨ ធ្នូ ២០២៥) ប្រទេស និងប្រជាជនកម្ពុជាសារជាថ្មីបានជួបប្រទះនឹងការឈ្លានពាន វាយប្រហារដោយអាវុធគ្រប់ប្រភេទ គួបផ្សំនឹងយន្តហោះចម្បាំងផងដែរពីសំណាក់យោធាថៃ។
ឯកឧត្តមបានបន្តថា ប្រតិបត្តិការវាយប្រហារចូលបូរណភាពដែនដីរបស់កម្ពុជា ស្ទើរតែ២៤ម៉ោងថ្ងៃនេះ បាននាំមកនូវការភ័យខ្លាច ចលាចល ភាពខេ្ទចខ្ទី ការបាត់បង់ជីវិត និងរបួសក្នុងជួរកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់របស់ខ្មែរយើង ជម្លោះឆ្នាំ២០២៥នេះ ជាទង្វើដែលប្រជាជនខ្មែរមិនអាចបំភ្លេចបានឡើយ។
មួយវិញទៀត ក្នុងនាមជាកូនខ្មែរមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ពិតជាសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះ វីរៈកងទ័ពកម្ពុជាថា ទោះមានការវាយប្រហារយ៉ាងណាក៏ នៅតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ថែរក្សាភាពអត់ធ្មត់ខ្ពស់ នេះបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា គឺចង់បានសន្តិភាព និងដោះស្រាយបញ្ហា/ជម្លោះនេះដោយសន្តិវិធី ដូចអ្វីដែលជាកិច្ចព្រមព្រៀងរួម ដែលបានចុះហត្ថលេខានៅថ្ងៃ ២៦តុលា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយដែលមាន ឯកឧត្តមប្រធានាធិបតី Donald J. Trump និង នាយករដ្ឋមន្ត្រី Anwar Ibrahim ជាសាក្សី៕








