វិមាននាយករដ្ឋមន្ត្រីអង់គ្លេស Downing Street បាននិយាយថា សម្ព័ន្ធមិត្តអឺរ៉ុបបានសម្រេចបាន "វឌ្ឍនភាពវិជ្ជមាន" ក្នុងការពិភាក្សាអំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីគាំទ្រអ៊ុយក្រែន បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាវិបត្តិលើអនាគតរបស់ប្រទេសនេះ ។

លោក Keir Starmer បានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មកកាន់វិមាន Downing Street កាលពីថ្ងៃចន្ទ៨ធ្នូសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព បន្ទាប់ពីការចរចារយៈពេលបីថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។

ក្រុមមេដឹកនាំអឺរ៉ុប ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចូលរួមជាមួយមេដឹកនាំចក្រភពអង់គ្លេស និងអ៊ុយក្រែននៅទីក្រុងឡុងដ៍្រ សម្រាប់កិច្ចប្រជុំដែលផ្តោតលើរបៀបឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ទីក្រុងឡុងដ៍្រ បានកើតឡើង ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់លោកថាមិនបានអានផែនការសន្តិភាពចុងក្រោយបំផុត ស្របពេលទទូចថាប្រធានាធិបតីរុស្ស៊ីVladimir Putin យល់ព្រមជាមួយនឹងផែនការនោះ។

អ្នកនាំពាក្យវិមាន Downing Street បាននិយាយថា ក្រុមមេដឹកនាំបានឯកភាពគ្នាថា ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្ត អឺរ៉ុបត្រូវតែឈរជាមួយអ៊ុយក្រែន ដោយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការការពារប្រឆាំងនឹងការវាយប្រហារឥតឈប់ឈរ ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានកម្ដៅ ឬពន្លឺ៕