សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបានចេញបទបញ្ជាឲ្យទាហានកម្ពុជា វាយបកទាហានឈ្លានពានថៃបាញ់មកលើកម្ពុជាគ្រប់គោលដៅទាំងអស់ ក្រោយយើងមានការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។
តាមរយៈសារពិសេសបន្ទាន់នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជាបានលើកឡើងថា ល្ងាចម្សិលម៉ិញយើងបានតបតបន្ថែមដោយយប់ម៉ិញ និងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?។
សម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា« ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ ដោយសម្តេចតេជោ ចាត់ទុកថាសំដីលោកមេទ័ពរូបនេះខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ សម្តេចបានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។
តាមរយៈសារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឆ្លើយទៅជនក្បត់ជាតិមួយ ចំនួនដែលកំពុងរត់ចោលស្រុកផងដែរ ដោយសម្តេច បានថ្លែងថា«ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង»៕ អត្ថបទ៖ បាន ចក់


