ភាគីអ៊ុយក្រែន នឹងចែករំលែកផែនការសន្តិភាពដែលបានកែសម្រួលរួចរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី៩ ខែធ្នូ នេះ ដែលមានគោលបំណងបញ្ចប់សង្រ្គាមរបស់រុស្ស៊ី បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងឡុងដ្រ៍ រវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។

ខណៈដែលសង្រ្គាមខិតជិតដល់រយៈពេល ៤ឆ្នាំ និងស្របពេលសម្ពាធកាន់តែខ្លាំងពីសេតវិមានឱ្យយល់ព្រមឆាប់ៗលើដំណោះស្រាយសន្តិភាព អ៊ុយក្រែនចង់ធ្វើឱ្យមានតុល្យភាពលើសេចក្តីព្រាងគាំទ្រដោយសហរដ្ឋអាមេរិក ដែលត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា អំណោយផលដល់ទីក្រុងមូស្គូ។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡុងដ្រ៍ លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា ពេលនេះ ទីក្រុងគីវមានផែនការ ២០ចំណុចមួយ ដែលបានកែសម្រួលរួច ហើយនឹងចែករំលែកជាមួយភាគីអាមេរិក ប៉ុន្តែថា នៅមិនទាន់មានការឯកភាពគ្នានៅឡើយទៅលើបញ្ហាខ្ទាស់សំខាន់ៗនៃការបោះបង់ចោលទឹកដីអ៊ុយក្រែន ដែលទីក្រុងមូស្គូចង់បាន។
លោកបន្តថា៖ "គំនិតរបស់ភាគីអាមេរិក ជាគោលការណ៍ គឺចង់ស្វែងរកការសម្រុះសម្រួលមួយ។ ពិតណាស់ បញ្ហាស្មុគស្មាញនៅតែមានទាក់ទងនឹងរឿងទឹកដី ហើយចំណុចសម្របសម្រួល មិនទាន់រកឃើញនៅឡើយទេលើបញ្ហានេះ"។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានបញ្ជាក់ជាថ្មីពីជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនថា អ៊ុយក្រែនមិនអាចលះបង់ផ្នែកណាមួយនៃទឹកដីខ្លួនជាដាច់ខាត៕
