រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។
តាមសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលអូស្ត្រាលី បានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។
«យើងស្នើឱ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ក្នុងឋានៈជាប្រធានអាស៊ាន ស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន»។ នេះបើតាមសេចក្ដីថ្លែងការណ៍៕
