ប្រទេសជប៉ុនបានដកចេញការព្រមានអំពីរលកយក្សស៊ូណាមិទាំងអស់នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងបន្ទាប់ពីរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័របានវាយប្រហារជិតភាគខាងកើតនៃខេត្ត Aomori នៅម៉ោងប្រហែល ១១:១៥ យប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបង្កឱ្យមានការព្រមានសម្រាប់តំបន់ឆ្នេរសមុទ្រនៃខេត្ត Hokkaido ខេត្ត Aomori និងខេត្ត Iwate។

លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថាមនុស្សយ៉ាងហោចណាស់៣០នាក់ បានរងរបួសដោយសារការរញ្ជួយដីនៅភាគឦសាន ហើយប្រជាពលរដ្ឋប្រមាណ៩០.០០០នាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីលំនៅឋាន។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចុះបញ្ជីអាំងតង់ស៊ីតេរញ្ជួយដីកម្រិត៦ លើមាត្រដ្ឋានស៊ីនដូរបស់ជប៉ុននៅក្នុងទីក្រុង Hachinohe ខេត្ត Aomori។ យោងតាមទីភ្នាក់ងារខាងលើនេះ ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល៥០ គីឡូម៉ែត្រ។
ការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់នេះត្រូវបានបន្ទាបមកត្រឹមការព្រមាននៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីរលកកម្ពស់រហូតដល់៧០ សង់ទីម៉ែត្រ ត្រូវបានរកឃើញនៅក្នុងតំបន់មួយចំនួន នេះបើយោងតាមទូរទស្សន៍ NHK។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះការរញ្ជួយដីបន្ថែមទៀតនៅក្នុងតំបន់នេះ។
ក៏មិនមានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធដែរ ហើយក៏មិនមានរបាយការណ៍អំពីភាពមិនប្រក្រតីណាមួយត្រូវបានរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរណាមួយរបស់ប្រទេសនេះដែរ៕