អាជ្ញាធរអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងការិយាល័យរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន នៅទីក្រុងហ្សេរុយសាឡិមខាងកើត កាលពីថ្ងៃចន្ទ (៨ ធ្នូ) ហើយបានដោតទង់ជាតិអ៊ីស្រាអែលនៅទីនោះ នៅក្នុងប្រតិបត្តិការឆ្មក់ឆែកឆេរមួយដែលពួកគេនិយាយថា ដោយសារតែមិនបានបង់ពន្ធ ប៉ុន្តែទីភ្នាក់ងារ UN នេះបានរិះគន់ខ្លាំងវិញថា សកម្មភាពនេះជាបញ្ហាប្រឈមចំពោះច្បាប់អន្តរជាតិ។

ទីភ្នាក់ងារជំនួយ និងសម្រាលបន្ទុករបស់អង្គការសហប្រជាជាតិ UNRWA ដែលអ៊ីស្រាអែល ចោទប្រកាន់ថាមានភាពលម្អៀង មិនបានប្រើប្រាស់បរិវេណអគារនោះទៀតទេ ចាប់តាំងពីដើមឆ្នាំ២០២៥មក បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឱ្យរុះរើចេញពីកន្លែងទាំងអស់ និងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ការឆ្មក់នេះថា "បរិវេណនេះនៅតែជាបរិវេណរបស់ UN ហើយមិនអាចរំលោភបំពានបានទេ និងត្រូវតែទទួលបានការការពារពីទម្រង់នៃការជ្រៀតជ្រែកទាំងអស់"។ ប្រធាន UNRWA លោក Philippe Lazzarini បានសរសេរលើបណ្ដាញសង្គម X ថា សកម្មភាពរបស់អ៊ីស្រាអែល អាចបង្កើត "គំរូដ៏គ្រោះថ្នាក់នៅកន្លែងផ្សេងទៀត ដែលមានវត្តមាន UN នៅទូទាំងពិភពលោក"។
ទាក់ទងនឹងការឆ្មក់នេះ សាលាក្រុងយេរូសាឡិម បាននិយាយថា មន្រ្តីប្រមូលពន្ធបានចូលទៅបរិវេណ UNRWA ដោយសារតែពន្ធអចលនទ្រព្យដែលមិនបានបង់ ចំនួន ១១លានស្ហាកែល (ប្រមាណ ៣,៤ លានដុល្លារអាមេរិក) បន្ទាប់ពីការព្រមានជាច្រើនដងត្រូវបានដាក់ចេញទៅកាន់បរិវេណនោះ ហើយនីតិវិធីចាំបាច់ទាំងអស់ ត្រូវបានអនុវត្តតាមក្រោយ៕

