រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាល្លឺម៉ង់នៅទីក្រុងប៉េកាំងថា ជប៉ុនកំពុងតែគំរាមកំហែងចិន ខាងផ្នែកយោធា ដែល "មិនអាចទទួលយកបានទាល់តែសោះ" បន្ទាប់ពីទីក្រុងតូក្យូនិយាយថា យន្តហោះចម្បាំងរបស់ចិន បានតម្រង់រ៉ាដាទៅកាន់យន្តហោះយោធាជប៉ុន។

ចិន និងជប៉ុន បានប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត ដោយជប៉ុន បានរិះគន់ការប្រឈមមុខដាក់គ្នានៅដែនទឹកថា ជាទង្វើដ៏គ្រោះថ្នាក់ ខណៈចិនបានបន្ទោសជប៉ុនវិញ ជុំវិញការបញ្ជូនយន្តហោះទៅជិត និងរំខានម្តងហើយម្តងទៀតដល់កងទ័ពជើងទឹកចិន ក្នុងពេលខ្លួនកំពុងធ្វើការហ្វឹកហ្វឺនហោះហើរនៃនាវាផ្ទុកយន្តហោះ ដែលបានប្រកាសរួចមកហើយ នៅភាគខាងកើតនៃច្រកសមុទ្រមីយ៉ាកូ។
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Johann Wadephul នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ (៨ ធ្នូ) លោក Wang បានលើកឡើងថា៖ ដោយឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ជប៉ុន ជាប្រទេសដែលចាញ់ (ក្នុងសង្រ្គាម) គួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្នជាងនេះ។
លោក Wang បន្តថា៖ ផ្ទុយទៅវិញ ឥឡូវនេះមេដឹកនាំបច្ចុប្បន្នរបស់ជប៉ុន កំពុងព្យាយាមឆ្លៀតឱកាសលើបញ្ហាកោះតៃវ៉ាន់ ដើម្បីបង្កបញ្ហា និងគំរាមកំហែងដល់ប្រទេសចិនដោយយោធា ជាសកម្មភាពមួយដែលលោកហៅថា មិនអាចទទួលយកបានទាល់តែសោះ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋចិន ស៊ីនហួ។ លោកសង្កត់ធ្ងន់ថា ឋានៈរបស់កោះតៃវ៉ាន់ជាទឹកដីចិន ត្រូវបាន "បញ្ជាក់យ៉ាងច្បាស់លាស់ និងមិនអាចផ្លាស់ប្តូរបានឡើយ"៕

