អូស្ត្រាលី នឹងក្លាយជាប្រទេសដំបូងគេ ដែលអនុវត្តបម្រាមអាយុអប្បបរមាសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃពុធ ទី១០ ខែធ្នូ ស្អែកនេះ ជាមួយនឹងវេទិកាសង្គមដូចជា កម្មវិធី Instagram កម្មវិធី TikTok និង YouTube ត្រូវបានបង្ខំឱ្យបិទជាង ១លានគណនី របស់កុមារអាយុក្រោម ១៦ឆ្នាំ នៅក្នុងអ្វីដែលអាចជាការចាប់ផ្តើមតែប៉ុណ្ណោះនៃរលកបទប្បញ្ញត្តិសកលជាបន្តបន្ទាប់។

ចាប់ពីពេលវេលាម៉ោងក្នុងស្រុកពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ វេទិកាដ៏ធំបំផុតចំនួន១០ នឹងតម្រូវឱ្យហាមឃាត់ជនជាតិអូស្ត្រាលីអាយុក្រោម ១៦ឆ្នាំ បើពុំនោះសោត នឹងរងពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (ប្រមាណ ៣៣ លានដុល្លារអាមេរិក)។ ច្បាប់នេះបានទទួលការរិះគន់យ៉ាងចាស់ដៃពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងអ្នកគាំទ្រសេរីភាពបញ្ចេញមតិ ប៉ុន្តែត្រូវបានកោតសរសើរដោយឪពុកម្តាយ និងអ្នកតស៊ូមតិកុមារ។
រដ្ឋាភិបាលជុំវិញពិភពលោក ចាប់ពីដាណឺម៉ាក រហូតដល់ម៉ាឡេស៊ី និងសូម្បីតែរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក៏បាននិយាយថា ពួកគេមានគម្រោងដើរជំហានស្រដៀងគ្នានេះ។
ទោះបីជាការហាមឃាត់នេះគ្របដណ្តប់លើវេទិកាចំនួន១០ដំបូង រួមទាំងកម្មវិធីវីដេអូ YouTube របស់ក្រុមហ៊ុនមេ Alphabet និង Instagram របស់ Meta រួមទាំង TikTok ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលអូស្រា្តលីបានព្រមានថា បញ្ជីនេះនឹងផ្លាស់ប្តូរទៀត នៅពេលដែលមានផលិតផលថ្មីលេចឡើង ហើយអ្នកប្រើប្រាស់យុវវ័យប្តូរទៅជម្រើសផ្សេងនោះ៕

