បណ្ដាមេដឹកនាំពិភពលោក កាលពីថ្ងៃចន្ទ (៨ ធ្នូ) បានសន្យាផ្តល់ប្រាក់ចំនួន ១,៩ពាន់លានដុល្លារ ដើម្បីជំរុញការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ដោយបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារចំនួន ៣៧០លាននាក់ នៅទូទាំងពិភពលោក ពីជំងឺដ៏កំណាចនេះជារៀងរាល់ឆ្នាំ ស្របពេលមានការកាត់បន្ថយមូលនិធិពីម្ចាស់ជំនួយអន្តរជាតិដ៏សំខាន់។

ថវិការបស់កម្មវិធី "គំនិតផ្តួចផ្តើមលុបបំបាត់ជំងឺស្វិតដៃជើងសកល" (GPEI) ដែលជាភាពជាដៃគូរួមមានអង្គការសុខភាពពិភពលោក WHO និងមូលនិធិ Gates (មូលនិធិឯកជនអាមេរិក បង្កើតឡើងដោយមហាសេដ្ឋី Bill Gates) ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយ ៣០% នៅឆ្នាំ២០២៦ និងមានកង្វះថវិកាចំនួន ១,៧ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៩។
កង្វះខាតនេះគឺភាគច្រើនដោយសារតែការកាត់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងដកខ្លួនចេញពីអង្គការ WHO បើទោះបីជាការផ្តល់មូលនិធិនាពេលអនាគតសម្រាប់ជំងឺស្វិតដៃជើង នៅមិនទាន់បានដកចេញក៏ដោយ។ រដ្ឋាភិបាលម្ចាស់ជំនួយធំៗផ្សេងទៀតដូចជាអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក៏កាត់បន្ថយមូលនិធិផងដែរ។
ជាការឆ្លើយតប បណ្ដាដៃគូនៃគំនិតផ្តួចផ្តើម GPEI គ្រោងនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមលើការតាមដាន និងចាក់វ៉ាក់សាំង នៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការឆ្លងជំងឺស្វិតដៃជើង។ ព្រឹត្តិការណ៍សន្យាប្រាក់ជំនួយ ដែលរៀបចំនៅអាប៊ូដាប៊ីនោះ នឹងកាត់បន្ថយគម្លាតធនធានដែលនៅសល់ សម្រាប់យុទ្ធសាស្ត្រ GPEI ឆ្នាំ២០២២ ដល់ឆ្នាំ២០២៩ ដល់ចំនួន ៤៤០លានដុល្លារ។
គួរឱ្យដឹងថា ជំងឺគ្រុនស្វិតដៃជើងគឺជាជំងឺឆ្លង ដែលបង្កឡើងដោយមេរោគវីរុសប៉ូលីយ៉ូ វាយប្រហារប្រព័ន្ធប្រសាទ អាចបណ្តាលឱ្យខ្វិនដៃជើងឬស្លាប់ ដោយកើតឡើងជាពិសេសលើកុមារ៕

