ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ក្នុងពេលឆាប់ៗ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យឧស្សហកម្ម ឈានឆ្ពោះទៅរកភាពរីកចម្រើន នឹងការប្រកួតប្រជែង។
ឯកឧត្តម ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ កាលពីសប្តាហ៍កន្លងទៅថា វិស័យកាត់ដេរ កាបូប និងស្បែកជើង គឺវិស័យចន្ទល់នៃសេដ្ឋកិច្ច ដ៏សំខាន់របស់កម្ពុជា។
កន្លងមកនេះ ក្រសួងបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ហើយមកដល់បច្ចុប្បន្ន យុទ្ធសាស្រ្ត ត្រូវបានរៀបចំរួចរាល់ ដោយនៅក្នុងយុទ្ធសាស្រ្តនោះ គឺរាជរដ្ឋាភិបាលចង់ឃើញវិស័យនេះ មានតម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលល្អជាងមុន និងការផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់។
ក្រសួងគ្រោងដាក់ជូនគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច ពិនិត្យនិងសម្រេច ហើយយុទ្ធសាស្រ្តនេះនិងអាចដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។
ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើងនេះ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង ថ្លែងថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានតម្លាភាព ការឆ្ពោះទៅអភិវឌ្ឍន៍ប្រើប្រាស់បច្ចេកវិទ្យា អាចឈានទៅផលិតទំនិញមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រកួតប្រជែង ជាពិសេសតាមរយៈនៃយុទ្ធសាស្រ្តនេះ ក៏ជាការបង្កើនសេចក្តីទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។
ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានថ្លែងនូវការគាំទ្រពេញទំហឹង ព្រោះយុទ្ធសាស្រ្តនេះ គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជាផែនទីចង្អុលផ្លូវ សម្រាប់ការដើរឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្មជាពិសេសការជម្រុញប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស លោកចង់ឃើញ រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្តនេះឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរ មានចំនួនជាង ១១ ៣៨៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%, បើប្រៀបធៀបទៅឆ្នាំ ២០២០៕ អត្ថបទ៖ សុន រ៉ាឌី