ក្រសួងសុខាភិបាលហ្កាហ្សាបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនរហូតដល់ ៣៧៦នាក់ ត្រូវបានសម្លាប់ និងជាង ៩៨០នាក់ រងរបួស នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ១០ ខែតុលា នៅពេលដែលបទឈប់បាញ់ចូលជាធរមាននៅក្នុងទឹកដីនោះ។

ក្រសួងសុខាភិបាលហ្កាហ្សាបានបន្ថែមថា ចំនួនសរុបនៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដែលជាលទ្ធផលនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ លើសពី ៧០.៣៦៥ នាក់ ខណៈដែលមនុស្សជាង ១៧១.០០០ នាក់ បានរងរបួស និងបានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។

បណ្តាញសារព័ត៌មានទូរទស្សន៍អារ៉ាប៊ីសាអ៊ូឌីត Al Arabiya បានរាយការណ៍កាលពីសប្តាហ៍មុន នៅថ្ងៃទី ០៥ ខែធ្នូ ដោយដកស្រង់ប្រភពព័ត៌មានថា ភាគីជម្លោះហ្កាហ្សា និងអ្នកសម្របសម្រួល បានឈានដល់កិច្ចព្រមព្រៀងលើជំហានដំបូងឆ្ពោះទៅរកការដកហូតអាវុធពីក្រុមហាម៉ាស រួមទាំងការប្រគល់អាវុធធុនធ្ងន់របស់ក្រុមនេះ។ យោងតាមប្រភពព័ត៌មានរបស់ទូរទស្សន៍នេះ បានឲ្យដឹងថា ក្រុមហាម៉ាសក៏បានបញ្ជាក់ចំពោះសហរដ្ឋអាមេរិកថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីប្រគល់ការគ្រប់គ្រងតំបន់នេះ ជាផ្នែកមួយនៃដំណើរការសន្តិភាព។
យោងតាមគេហទំព័រព័ត៌មាន Axios ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងប្រកាសពីការចាប់ផ្តើមនៃការអនុវត្តដំណាក់កាលទី២ នៃផែនការសន្តិភាពរបស់លោកសម្រាប់តំបន់ហ្កាហ្សា នៅមុនថ្ងៃទី ២៥ ខែធ្នូ។ ដំណាក់កាលទី២ គ្រោងនឹងដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់នោះ និងការដាក់ពង្រាយ «កម្លាំងរក្សាស្ថិរភាពអន្តរជាតិ» ក៏ដូចជាការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលតំបន់នោះ រួមទាំងក្រុមប្រឹក្សាសន្តិភាពផងដែរ៕