ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអញ្ជើញមកទស្សនាតំបន់អង្គរនៅខេត្តសៀមរាប របស់លោកស្រី អេនជេលីនណា ជូលី តារាភាពយន្តសម្តែងហូលីវូតស្រី ដ៏ល្បីរបស់ពិភពលោក គឺជាទូតនាំសារថា ខេត្តសៀមរាបអង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពទៅភ្ញៀវទេសចរលើពិភពលោក។
ក្នុងកិច្ចប្រជុំលើកទី២ ក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប ឯកឧត្តម ថោង ខុន ប្រសាសន៍ថា តារាភាពយន្តហូលីវូតដ៏ល្បី លោកស្រី អេជេលីនណាជូលី អញ្ជើញមកចូលទស្សនា នៅតំបន់អង្គរខេត្តសៀមរាប និងរាជធានីភ្នំពេញ និងការបន្តទៅទស្សនាខេត្តបាត់ដំបងជាទៀតជាដើមនោះ គឺបានបង្ហាញប្រទេសកម្ពុជាទាំងមូល គឺជាគោលដៅទេសចរណ៍ដែលសុវត្ថិភាព ពីការរាតត្បាតនៃមេរោគកូវីដ១៩។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកទស្សនាកម្ពុជា ជាទូទៅត្រូវបានប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកទទួលតែភ្ញៀវទេសចរវ៉ាក់សាំងនិងមិនមានការធ្វើចត្តាឡីស័ក ក្នុងករណីភ្ញៀវនោះ បានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរអន្តរជាតិធ្វើតេស្តវិជ្ជមានកូវីដ គឺយើងតម្រូវអោយគាត់ព្យាបាលអោយជាសះស្បើយមុននឹងចេញដើរកម្សាន្ត។
ទោះយ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថោង ខុន បានស្នើអោយអាជ្ញាធរមូលដ្ឋានរាជធានីខេត្តបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍សុវត្ថិភាពរបស់ខ្លួនទៅកាន់មជ្ឈដ្ឋានជាតិអន្តរជាតិ និងរៀបចំផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាពនៅតាមគោលដៅទេសចរណ៍នានានោះអោយបានល្អប្រសើរ ជាពិសេសបណ្តាគោលដៅទេសចរណ៍ដែលមានសុវត្ថិនៅខេត្តសៀមរាប ដោយធ្វើយ៉ាងណាជម្រុញបង្កើនការផ្តល់សេចក្តីទំនុកចិត្តជូនភ្ញៀវទេសចរក្នុងស្រុកដែលបានចេញដើរកម្សាន្តនៅរៀងរាល់ចុងសប្តាហ៍មានកំណើនឡើងជាបន្តបន្ទាប់ និងជូនបណ្តាភ្ញៀវទេសចរណ៍អន្តរជាតិនានាទៀត។
សូមបញ្ជាក់ថា នៅក្នុងដំណើរមកទស្សនាកម្ពុជា របស់លោកស្រី Angelina Jolie ចាប់ពីថ្ងៃទី២០ រហូតថ្ងៃទី២៤ ខែកុម្ភៈ បានចូលរួមសហការអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា បើកសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) គោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ៕អត្ថបទ៖ ស៊ុម សុខជា








