នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍ តំណាងរដ្ឋបាលរាជធានី ខេត្ត នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ។
គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP) គឺជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រសម្រាប់សិស្សនៅបឋមសិក្សា និងពង្រឹងប្រព័ន្ធអប់រំមួយដ៏រឹងមាំ ទំនើប និងប្រកបដោយសមធម៌ គុណភាព បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់កុមារកម្ពុជាគ្រប់រូប។ គម្រោង BEIP ផ្តោតលើអាទិភាពធំៗចំនួន ៣ រួមមាន៖
១). ភាពត្រៀមខ្លួនសម្រាប់ចូលរៀន៖ ការសាងសង់ទារកដ្ឋានចំនួន ៦០ និងសាលាមត្តេយ្យចំនួន ២០, ការបណ្តុះបណ្តាលគ្រូមត្តេយ្យលើវិធីសាស្រ្តរៀនតាមរយៈការលេង, ការជំរុញការចូលរួមរបស់មាតាបិតាគាំទ្រការរៀនសូត្ររបស់កុមារតូច
២). ការរៀនសូត្រប្រកបដោយប្រសិទ្ធភាពនៅកម្រិតបឋមសិក្សា៖ ការពង្រីកការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូងទូទាំងប្រទេស ការបណ្តុះបណ្តាលគ្រូបង្រៀនការអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្សរៀនយឺតក្នុង ១.៤០០សាលាកម្រង, ការសាងសង់អគារសិក្សាបឋមសិក្សាចំនួន ៩១២ បន្ទប់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ បំពាក់ដោយបរិក្ខារទឹកស្អាត និងអនាម័យពេញលេញ
៣) ការពង្រឹងស្ថាប័ន៖ ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ លើប្រព័ន្ធគ្រប់គ្រងព័ត៌មានធនធានមនុស្ស(HRMIS), ការពង្រឹងគណនេយ្យភាព និងភាពជាអ្នកដឹកនាំនៅតាមសាលារៀន។
ក្នុងឱកាសនេះ លោកស្រី នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា គ្រោងសហប្រតិបត្តិការរបស់ធនាគារពិភពលោក សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ ដែលបានរៀបចំឡើងតាមរយៈការពិភាក្សាទូលំទូលាយ ជាមួយដៃគូរាជរដ្ឋាភិបាល រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអ្នកដឹកនាំវិស័យឯកជន និងតំណាងសង្គមស៊ីវិល ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ដោយក្នុងនោះ ការពង្រឹងធនធាន មនុស្ស ជាពិសេសការអប់រំមូលដ្ឋាន គឺជាអាទិភាពកម្រិតខ្ពស់មួយក្នុងចំណោមបីគោលដៅទៀត ដែលនឹងត្រូវផ្ដោតអនុវត្ត។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារពិភពលោក ដែលជាដៃគូយូរអង្វែង និងជាយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលើគ្រប់កម្រិត។ ការដាក់ដំណើរការជាផ្លូវការគម្រោង BEIP នាថ្ងៃនេះ បង្ហាញពីការបន្តគាំទ្រលើវិស័យអប់រំកម្ពុជា ជាពិសេសផ្តោតយកចិត្តទុកដាក់លើការពង្រឹងការអប់រំកម្រិតមូលដ្ឋាន ការជំរុញ និងពន្លឿនកំណែទម្រង់ការអប់រំ ការពង្រឹងស្ថាប័ន និងការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សនៅកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យសម្រេចបានវឌ្ឍនភាពជាច្រើន ជាពិសេសការចូលគាំទ្រពីសំណាក់មាតាបិតា និងសហគមន៍ ដោយបញ្ជាក់ថាការប្រកាសដាក់ឱ្យដំណើរការគម្រោង BEIP នាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់កម្ពុជាចំពោះកុមារទូទាំងប្រទេស ដែលនឹងក្លាយជាកម្លាំងពលកម្មនាពេលអនាគត ហើយតាមរយៈគម្រោងនេះ កម្ពុជានឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការចូលរៀននៅមធ្យមសិក្សា ការអនុវត្តគន្លងអប់រំថ្មីប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍមូលធនមនុស្សដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕






