នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តម Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានរៀបរាប់អំពីការឈ្លានពាន និងការរំលោភបំពានលើកិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីថៃមកលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការបើកការបាញ់ប្រហារទាំងកម្រោល ដែលបណ្ដាលឲ្យជនស៊ីវិលកម្ពុជាជាច្រើននាក់ស្លាប់ និងរងរបួស។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រាប់ទៅកាន់រដ្ឋមន្ដ្រីការបរទេសវៀតណាមថា ម្ដងហើយម្ដងទៀតភាគីថៃ គឺបានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានសហរដ្ឋអាម៉េរិក និងប្រធានប្ដូរវេនអាស៊ានជាសាក្សី ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ភាគីថៃបានប្រើប្រាស់កាំភ្លើងគ្រប់ធន់ រួមទាំងយន្ដហោះចម្បាំង F16 បាញ់ស្រោចចូលដែនអធិបតេយ្យរបស់កម្ពុជា ដែលការបាញ់នេះគឺបានរំលោភយ៉ាងពិតប្រា កដលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានបង្ហាញនូវការសោកស្ដាយចំពោះអ្វីដែលកើតមានឡើងមកលើប្រទេសកម្ពុជា និងបានសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ចំពោះហេតុការណ៍ទាំងអស់នេះ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ជំនួបទ្វេភាគីក្រោយបញ្ចប់ពិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យ-តឹនណាមកាលពីថ្ងៃទី៨ ខែធ្នូម្សិលមិញ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានលើកឡើងអំពីបញ្ហាព្រំដែននេះផងដែរ។
ទាក់ទងនឹងបញ្ហារវាងកម្ពុជា និងថៃនេះដែរក្នុងនាមក្រសួងការបរទេសវៀតណាម និងក្រសួងពាក់ព័ន្ធឯកឧត្តម Le Hoai Trung គូសបញ្ជាក់ថា នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីជំរុញឲ្យប្រទេសទាំងពីរកម្ពុជា-ថៃ ស្ដារស្ថានការណ៍ឲ្យប្រសើរឡើងវិញ ដោយត្រឡប់ទៅរកកិច្ចសន្ទនា និងអនុវត្តបទឈប់បាញ់។
ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីវៀតណាមនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ឯកឧត្តមជឿជាក់ថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម តូ ឡឹម និងឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជីញ នឹងរួមចំណែកតាមរយៈយន្ដការការបរទេសទាំងក្នុងតំបន់ និងអាស៊ាន ដើម្បីដោះស្រាយគាំទ្រដល់ការស្វែងរកដំណោះស្រាយដោយសន្ដិវិធី៕
អត្ថបទ បាន ចក់