របាយការណ៍ពីអង្គការអ៊ីស្រាអែលមួយបានឱ្យដឹងកាលពីថ្ងៃចន្ទ (៨ ធ្នូ) ថា ចំនួនជាង ១ភាគ៤ នៃក្រុមគ្រួសារក្នុងប្រទេសអ៊ីស្រាអែល ឥឡូវនេះ កំពុងជួបប្រទះអសន្តិសុខស្បៀងអាហារ ដែលជំរុញដោយការធ្លាក់ចុះសេដ្ឋកិច្ចនិងសង្គមនៃសង្រ្គាមរយៈពេល ២ឆ្នាំនៅតំបន់ហ្កាហ្សាស្ទ្រីប។
អង្គការមនុស្សធម៌ Latet ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងអសន្តិសុខស្បៀង បាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា អត្រា ២៦,៩% នៃក្រុមគ្រួសារអ៊ីស្រាអែល (ប្រហែល ៨៦៧.២៥៦ គ្រួសារ) ប្រឈមនឹងអសន្តិសុខស្បៀងអាហារ ដែលនេះជាកំណើនមិនធ្លាប់មានពីមុនមក បើធៀបនឹងឆ្នាំមុន។

របាយការណ៍និយាយថា អត្រា ៣៧,៥% នៃកុមារអ៊ីស្រាអែល ឬប្រហែល ១,១៨លាននាក់ ក៏ប្រឈមនឹងអសន្តិសុខស្បៀងផងដែរ ដោយគូសបញ្ជាក់ពីអ្វីដែលខ្លួនហៅថា វិបត្តិដ៏ធ្ងន់ធ្ងរនិងកំពុងកើនឡើង នៅក្នុងសង្គមអ៊ីស្រាអែល។ របាយការណ៍បន្តថា "សង្រ្គាម និងរលកនៃការកើនឡើងតម្លៃទំនិញ បានបង្កើតភាពអាសន្នសង្គម" ដោយកត់សម្គាល់ពីការបំផ្លាញយ៉ាងជ្រៅ ទាំងផ្នែកសន្តិសុខស្បៀង និងសេដ្ឋកិច្ច សម្រាប់ពលរដ្ឋរាប់សែនគ្រួសារ។
លើសពីភាពតានតឹងផ្នែកសេដ្ឋកិច្ច របាយការណ៍នេះក៏សង្កត់ធ្ងន់ថា អត្រា ៦១,៩% នៃអ្នកទទួលជំនួយ បានពណ៌នាស្ថានភាពផ្លូវចិត្តរបស់ពួកគេថា "មិនល្អ" ហើយតួលេខ ៤២,៤% និយាយថា សុខភាពផ្លូវចិត្តរបស់ពួកគេបានធ្លាក់ចុះ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មក ពោលគឺដើមដំបូងនៃសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា៕

