ក្រុមមន្ត្រីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (៨ ធ្នូ) កំពុងតែពន្លឿនកិច្ចប្រឹងប្រែងដោះស្រាយវិបត្តិអន្តោប្រវេសន៍ ដោយការសម្រេចចុងក្រោយនូវវិធានការកែលម្អប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន រួមទាំងការពន្លឿនដំណើរការផ្លូវច្បាប់លើការនិរទេស និងបង្កើនការឃុំឃាំង បន្ទាប់ពីមានការជជែកវែកញែកអស់ជាច្រើនឆ្នាំលើបញ្ហានេះ។
ចាប់តាំងពីចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍ផ្សេងទៀតទៅកាន់ទ្វីបអឺរ៉ុប បានហក់ឡើងខ្លាំងកាលពីមួយទសវត្សរ៍មុនមក ការយល់ឃើញរបស់សាធារណៈជនលើបញ្ហានេះ បានផ្លាស់ប្តូរទៅជាមិនសប្បាយចិត្ត។ ប្លុកអឺរ៉ុប បានរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ហើយចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ធ្លាក់ពីកម្រិតកំណត់ត្រា ប៉ុន្តែអឺរ៉ុបចង់រឹតត្បិតកាន់តែខ្លាំងឡើងលើបញ្ហានេះ។

រដ្ឋមន្រ្តីដាណឺម៉ាក បាននិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងព្រុចសែល បានឯកភាពគ្នាលើគោលគំនិត "ប្រទេសទីបីដែលមានសុវត្ថិភាព" និងបញ្ជីប្រទេសដែលមានសុវត្ថិភាពនៃប្រភពដើម។ នោះមានន័យថា បណ្តាប្រទេសប្លុកអឺរ៉ុប អាចបដិសេធការស្នាក់នៅ និងនិរទេសជនអន្តោប្រវេសន៍ ដោយសារពួកគេមកពីប្រទេសដែលមានសុវត្ថិភាព ឬអាចស្នើសិទ្ធិជ្រកកោននៅខាងក្រៅសហភាពអឺរ៉ុប។
ឥឡូវនេះ ក្រុមប្រឹក្សាអឺរ៉ុបនឹងចរចាជាមួយសមាជិកសភា ៧២០រូប នៅសភាអឺរ៉ុប ដើម្បីទទួលយក ឬកែប្រែលើគោលនយោបាយនេះ។ គណបក្សនយោបាយសំខាន់ៗសង្ឃឹមថា កិច្ចព្រមព្រៀងផ្លូវការស្តីពីអន្តោប្រវេសន៍ អាចដោះស្រាយបញ្ហាដែលធ្វើឱ្យប្រជាជាតិសហភាពអឺរ៉ុបស្វែងគំនិតគ្នា ចាប់តាំងពីជនអន្តោប្រវេសន៍ជាង ១លាននាក់ បានហូរចូលអឺរ៉ុប ក្នុងឆ្នាំ២០១៥មក៕

