លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (៨ ធ្នូ) ថា លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Nvidia លក់បន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់ដ៏ទំនើបជាងមុន ដែលប្រើក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI ដល់ "អតិថិជនដែលបានអនុម័ត" នៅក្នុងប្រទេសចិន។
គួរឱ្យដឹងថា មានក្ដីបារម្ភជាច្រើននៅទីក្រុងវ៉ាស៊ីនតោន ជុំវិញការអនុញ្ញាតលក់បន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់ទៅឱ្យចិនបែបនេះ ព្រោះជំហាននេះអាចជួយឱ្យចិនប្រកួតប្រជែងកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិក ក្នុងការកសាងសមត្ថភាព AI ។ យ៉ាងណាមិញ បន្ទះឈីបដែលត្រូវបានគេស្គាល់ថាជា H200 នោះ ពុំមែនជាផលិតផលទំនើបបំផុតរបស់ក្រុមហ៊ុន Nvidia ទេ។

ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា លោកបានជូនដំណឹងអំពីការសម្រេចចិត្តនេះប្រាប់ដល់មេដឹកនាំចិន Xi Jinping រួចហើយ "ហើយប្រធានាធិបតី Xi បានឆ្លើយតបយ៉ាងវិជ្ជមាន!"។ លោក Trump បន្តថា "គោលនយោបាយនេះនឹងគាំទ្រការងាររបស់ពលរដ្ឋអាមេរិក ពង្រឹងផលិតកម្មអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់អ្នកបង់ពន្ធអាមេរិក"។
ក្រុមហ៊ុន Nvidia បានចេញសេចក្តីថ្លែងការណ៍សាទរចំពោះការសម្រេចចិត្តរបស់លោក Trump ប៉ុន្តែព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យមួយក្រុម បានជំទាស់នឹងការលក់បន្ទះឈីបនេះ។ យ៉ាងណាក៏ដោយ Trump បាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កំពុង "បញ្ចប់ព័ត៌មានលម្អិតចុងក្រោយ" សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀតដូចជា AMD និង Intel ដើម្បីលក់បច្ចេកវិទ្យារបស់ពួកគេទៅបរទេស៕

