នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) បានបញ្ជាក់ថា «ផលវិបាកដែលបំផ្លាញគ្នាទៅវិញទៅមក ដោយសារការដំឡើងពន្ធ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើងៗ» ក្នុងឆ្នាំ២០២៥ ដោយការលើកឡើងនេះកើតមាននៅក្នុងការកត់សម្គាល់នៅឯព្រឹត្តិការណ៍ «កិច្ចសន្ទនា 1+10» ដែលរួមមានទាំងវត្តមានរបស់ប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធនាគារពិភពលោក (WB)។
ដោយមិនបញ្ចេញឈ្មោះប្រធានាធិបតីអាមេរិក លោក Donald Trump ចំៗ មន្ត្រីជាន់ខ្ពស់លំដាប់ទី២ របស់ប្រទេសចិន បានប្រាប់កិច្ចប្រជុំនៅទីក្រុងប៉េកាំងថា កិច្ចប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីធ្វើកំណែទម្រង់អភិបាលកិច្ចសេដ្ឋកិច្ចសកល ដោយសារតែរបាំងពាណិជ្ជកម្ម។

ទិន្នន័យពាណិជ្ជកម្ម បានបង្ហាញកាលពីថ្ងៃទី៨ ខែធ្នូថា អតិរេកពាណិជ្ជកម្មរបស់ចិន បានឡើងដល់កម្រិតខ្ពស់បំផុត ១សែនកោដិដុល្លារ ជាលើកដំបូងនៅក្នុងខែវិច្ឆិកា ដែលបណ្ដាសេដ្ឋវិទូ លើកឡើងថា មានជាប់ពាក់ព័ន្ធទៅនឹងនយោបាយពន្ធរបស់លោក Trump ដែលបង្វែរការដឹកជញ្ជូនពីប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោកទៅកាន់ទីផ្សារផ្សេងទៀត ដោយបង្កើនសម្ពាធលើវិស័យផលិតកម្ម នៅក្នុងសេដ្ឋកិច្ចទាំងនោះ។
អំឡុងកិច្ចប្រជុំ ដែលក៏រួមមានផងដែរទាំងមន្ត្រីជាន់ខ្ពស់មកពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងអង្គការពលកម្មអន្តរជាតិ លោក Li បានប្រាប់ថា៖ «ចាប់តាំងពីដើមឆ្នាំមក ការគំរាមកំហែងពីនយោបាយពន្ធគយ បានគ្របលើសេដ្ឋកិច្ចពិភពលោក»។
ជាមួយគ្នានេះ លោក Li ក៏បានបន្ថែមផងដែរថា បញ្ញាសិប្បនិម្មិតកំពុងក្លាយជាចំណុចកណ្តាល ក្នុងការធ្វើពាណិជ្ជកម្ម ដោយគូសបញ្ជាក់ពីម៉ូដែល ដូចជា DeepSeek របស់ប្រទេសចិន ជាកត្តាជំរុញឲ្យមានការផ្លាស់ប្តូរ សកលនៃឧស្សាហកម្មបែបប្រពៃណី និងជាកាតាលីករ សម្រាប់កំណើនក្នុងវិស័យថ្មីៗ ក្នុងនោះរួមទាំងមនុស្សយន្តឆ្លាតវៃ និងឧបករណ៍ដែលអាចពាក់បានផងដែរ៕
