ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ (ទី៨ ខែធ្នូ) បានឲ្យដឹងថា បុរសជនជាតិចិន ២នាក់ កំពុងជាប់ឃុំឃាំង ជុំវិញការចោទប្រកាន់បទរត់ពន្ធបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia គឺ H100 និង H200 ទៅកាន់ប្រទេសចិន ខណៈដែលប្រធានាធិបតី លោក Donald Trump បានអនុញ្ញាតឲ្យ Nvidia នាំចេញបន្ទះឈីប H200 របស់ខ្លួនទៅកាន់ទីក្រុងប៉េកាំង។
រដ្ឋអាជ្ញាធ្វើការចោទប្រកាន់ថា លោក Fanyue Gong វ័យ ៤៣ឆ្នាំ ជាពលរដ្ឋចិនរស់នៅក្នុងទីក្រុង New York និងលោក Benlin Yuan វ័យ ៥៨ឆ្នាំ ជាពលរដ្ឋកាណាដាមកពីប្រទេសចិន បានរួមគំនិតដោយឯករាជ្យជាមួយបុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងក្រុមហ៊ុនបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីគេចពីការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក។

នៅក្នុងឯកសារតុលាការ រដ្ឋអាជ្ញាបានបញ្ជាក់ថា លោក Gong និងអ្នករួមគំនិតជាមួយលោក បានទទួលបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia តាមរយៈអ្នកទិញមិនមានអត្តសញ្ញាណពិតប្រាកដ និងឈ្មួញកណ្ដាល ហើយបានអះអាងថា ទំនិញទាំងនោះ គឺសម្រាប់អតិថិជនអាមេរិក ឬអតិថិជន នៅក្នុងប្រទេសទី៣។
បើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ បានបង្ហាញថា បន្ទះឈីបទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ឃ្លាំងជាច្រើនរបស់សហរដ្ឋអាមេរិក ដែលបុគ្គលទាំងនេះ បានដកស្លាករបស់ក្រុមហ៊ុន Nvidia ហើយដាក់ស្លាកឈ្មោះផ្សេង ដែលរដ្ឋអាជ្ញាជឿថា ជាឈ្មោះក្រុមហ៊ុនក្លែងក្លាយ។ ហើយបើតាមឯកសារបណ្ដឹងនោះ បានបញ្ជាក់ថា បន្ទាប់មក បន្ទះឈីបទាំងអស់ត្រូវបានរៀបចំ ដើម្បីនាំចេញ។
គួររំលឹកថា ក្នុងឆ្នាំ២០២២ រដ្ឋាភិបាអាមេរិក បានអនុវត្តការត្រួតពិនិត្យលើការនាំចេញ ដោយកាត់ផ្ដាច់ចិនមិនឲ្យទទួលបានបន្ទះឈីបមួយចំនួនដែលផលិតនៅកន្លែងផ្សេងៗ ក្នុងពិភពលោក ជាមួយនឹងឧបករណ៍របស់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោក Trump ក្នុងខែកញ្ញា បានពង្រីកបញ្ជីរឹតត្បិតការនាំចេញ ដើម្បីរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ភាគហ៊ុន ៥០ភាគរយ ឬច្រើនជាងនេះ ដោយក្រុមហ៊ុននៅក្នុងបញ្ជី៕
