អ៊ុយក្រែន៖ ប្រជាជននៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម Donetsk បានបន្តចាកចេញទៅកាន់ប្រទេសរុស្ស៊ី ខណៈមេដឹកនាំផ្តាច់ខ្លួនក្នុងតំបន់បានព្រមានដាក់ពង្រាយកងកម្លាំងរុស្ស៊ីដែលអាចធ្វើទៅបាន។ ប្រមុខរដ្ឋាភិបាលក្រុមឧទ្ទាមទីក្រុង Donetsk លោក Denis Pushilin និយាយកាលពីថ្ងៃពុធថា ក្នុងដំណាក់កាលនេះកងកម្លាំងរុស្ស៊ីមិនស្ថិតនៅក្នុងតំបន់នេះទេ។

ទោះជាយ៉ាងណាលោកនិយាយ ថា វាអាចទៅរួចដែលពួកគេនឹងត្រូវបានដាក់ពង្រាយនៅពេលអនាគត ព្រោះវានឹងអាស្រ័យលើការវិឌ្ឍន៍នៃស្ថានភាពជាមួយប្រទេសអ៊ុយក្រែន។ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងឡើង បន្ទាប់ពីសមាជិកសភារុស្ស៊ីបានផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីលោក Vladimir Putin ក្នុងការប្រើកម្លាំងយោធានៅក្រៅប្រទេស។ ពលរដ្ឋនៅទីក្រុង Donestk បានបន្តឡើងជិះរថយន្តក្រុង និងភៀសខ្លួនចេញពីតំបន់ ដោយមិនដឹងច្បាស់ថា ពួកគេកំពុងធ្វើដំណើរទៅទីណា។ នាង Valentina ពលរដ្ឋភៀសខ្លួននិយាយថា អាជ្ញាធរប្រទេសរុស្ស៊ីនឹងជួយយើង នាងរៀបចំឡើងរថយន្តក្រុងដោយសង្ឃឹមថា ការចាកចេញធ្វើឲ្យកូនរបស់នាងនឹងមិន ភ័យខ្លាចដោយសំឡេងកាំភ្លើងទៀតនោះទេ។ ពលរដ្ឋចាកចេញពីក្រុង Artur គ្រប់គ្រងដោយក្រុមឧទ្ទាមនិយាយថា លោកខ្លាចការប្រយុទ្ធគ្នាកើនឡើងខ្លាំងរវាងកងកម្លាំងទ័ពអាកាសរុស្ស៊ី និងអ៊ុយក្រែន។
មន្ត្រីនៅតំបន់ផ្តាច់ខ្លួនបានរាយការណ៍ពីការបាញ់ផ្លោងជាច្រើនគ្រាប់ និងការស្លាប់ជនស៊ីវិល ៣នាក់នៅទីក្រុងនេះ។ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលមេដឹកនាំផ្តាច់ខ្លួននៅក្នុងតំបន់ Donetsk និង Luhansk បានប្រកាសពីការជម្លៀសប្រជាជនដ៏ច្រើនចូលទៅក្នុងប្រទេសរុស្ស៊ី ជាង ៩៦,០០០នាក់ក្នុងតំបន់ផ្តាច់ខ្លួនបានឆ្លងកាត់ព្រំដែន។ ទោះជាយ៉ាងណា មន្ត្រីប្រទេសលោកខាងលិចធ្លាប់បាននិយាយថា ការជម្លៀសនេះគឺស្របតាមអ្វីដែលពួកគេនិយាយថា ជាការព្យាយាមរបស់រុស្ស៊ីដើម្បីបង្ហាញជាលេសឈ្លានពានលើអ៊ុយក្រែន។ រថយន្តយោធាត្រូវបានគេឃើញនៅតាមដងផ្លូវក្នុងទីក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ខណៈការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងប្រទេសលោកខាងលិចលើអ៊ុយក្រែននៅតែបន្ត៕
អត្ថបទ៖ ប៊ុនថន