នៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Pennsylvania ក្នុងគោលបំណងរម្ងាប់កំហឹងដែលពុះកញ្ជ្រោលខ្លាំងឡើងៗ ក្នុងចំណោមប្រជាជនអាមេរិក ដោយសារការចំណាយខ្ពស់លើតម្លៃនៃការរស់នៅ។

លោក Trump នឹងងាកទៅរកការប្រមូលផ្តុំតាមបែបការធ្វើយុទ្ធនាការឡើងវិញ ជាអ្វីដែលបាននាំឲ្យរូបលោកទទួលបានតំណែងអាណត្តិទី ២ នៅសេតវិមាន ខណៈដែលលោកផ្សព្វផ្សាយសាររបស់លោក ដែលថា លោកកំពុងកាត់បន្ថយអតិផរណា។ បុរសវ័យ ៧៩ឆ្នាំរូបនេះ បានច្រានចោលដោយកំហឹងនូវអ្វីដែលលោកហៅថា ជា «ការបោកបញ្ឆោត» របស់គណបក្សប្រជាធិបតេយ្យ ជុំវិញលទ្ធភាពចំណាយយ៉ាងសមរម្យលើតម្លៃនៃការរស់នៅ ប៉ុន្តែការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះ ដោយសារបញ្ហាសេដ្ឋកិច្ច។
មហាសេដ្ឋីទៅពីគណបក្សសាធារណរដ្ឋរូបនេះ ក៏ប្រឈមនឹងការមិនពេញចិត្តផងដែរពីខាងក្នុងរង្វង់ចលនា «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» របស់លោក ដោយអំពាវនាវឲ្យលោកផ្តោតលើសេដ្ឋកិច្ច ជាងកិច្ចព្រមព្រៀងសន្តិភាពបរទេស។
មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មានមួយថា លោក Trump នឹង «ពិភាក្សាពីរបៀបដែលលោក និងរដ្ឋបាល បន្តផ្តោតលើការផ្តល់អាទិភាពដោះស្រាយបញ្ចប់វិបត្តិអតិផរណារបស់លោក Joe Biden»។ គណបក្សសាធារណរដ្ឋ បានទទូចថា តម្លៃកំពុងធ្លាក់ចុះ សម្រាប់ទំនិញសំខាន់ៗ ដូចជាសាច់គោ ស៊ុត និងកាហ្វេ ហើយលោកកំពុងដោះស្រាយនូវអ្វីដែលលោកពិពណ៌នាថា ជាភាពរញ៉េរញ៉ៃដែលបន្សល់ទុកដោយលោក Biden ដែលជាអ្នកកាន់តំណែងខាងគណបក្សប្រជាធិបតេយ្យ។
យ៉ាងណាក្ដី ការគាំទ្រ ចំពោះលោក Trump បានធ្លាក់ចុះដល់ចំណុចទាបបំផុត ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងកាលពីខែមករា ជាពិសេស ជុំវិញការចំណាយលើតម្លៃនៃការរស់នៅ ដែលប្រជាជនអាមេរិក បានស្តីបន្ទោសថា យ៉ាងហោចណាស់មួយផ្នែក គឺដោយសារនយោបាយដំឡើងពន្ធរបស់មេដឹកនាំរូបនេះ។ អតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងខែកញ្ញាដល់ ២,៨ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ៕


