វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយហើយនៃការប្រកួតកម្មវិធី Dubai Tennis Championship ក្រោយយកឈ្នះកីឡាកររុស្ស៊ី Karen Khachanov។ កីឡាករសញ្ជាតិស៊ែបដែលចូលប្រកួតកម្មវិធីដំបូងតាំងពីមានបញ្ហាទិដ្ឋាការនៅ Grand Slam, Australian Open នោះបានយកឈ្នះក្នុងលទ្ធផល ៦-៣, ៧-៦(៧-២)។

ជើងឯក Grand Slam ២០លើករូបនេះនឹងបន្តជួបជាមួយកីឡាករឆេក Jiri Vesely ដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut។ ចំណែកឯអតីតកីឡាករលេខ ១ ពិភពលោក Andy Murray បានធ្លាក់ត្រឹមជុំទី២ ប៉ុណ្ណោះក្រោយចាញ់កីឡាករអ៊ីតាលីលំដាប់លេខ ១០ Jannik Sinner ៧-៥ និង ៦-២។ បរាជ័យនេះធ្វើឱ្យ Andy Murray ខកខានជ័យជំនះលើកទី៧០០ ក្នុងអាជីពផងដែរ។ រីឯជើងឯក Australian Open ថ្មីៗ Rafael Nadal បានឈានឡើងជុំទី២ ក្នុងការប្រកួតកម្មវិធី Mexican Open ក្រោយយកឈ្នះកីឡាករអាមេរិក Denis Kudla ៦-៣ និង ៦-២ ដែលជាជ័យជំនះ ១១លើកជាប់គ្នាក្នុងឆ្នាំ២០២២ នេះ។ ជុំបន្ត Nadal នឹងជួបជាមួយកីឡាករអាមេរិក Stefan Kozlov៕
អត្ថបទ៖នាង សុភាវុធ