តុលាការកំពូលរបស់ប្រទេសគុយបា កាលពីថ្ងៃចន្ទ (ទី៨ ខែធ្នូ) បានកាត់ទោសអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Alejandro Gil ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីការកាត់ក្តីបិទទ្វារ បានរកឃើញថា លោកមានទោសពីបទចារកម្ម នៅក្នុងសំណុំរឿងពុករលួយដ៏ល្បីបំផុតរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
តុលាការក៏បានរកឃើញផងដែរថា លោក Gil មានទោសពីបទពុករលួយជាច្រើន អំឡុងការកាត់ក្តីលើកទី២ ក្នុងនោះរួមទាំងការស៊ីសំណូក ការក្លែងបន្លំឯកសារសាធារណៈ ការប្រើឥទ្ធិពលលើការជួញដូរ និងការគេចពន្ធ។ លោក Gil ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំដំណាលគ្នា សម្រាប់បទល្មើសព្រហ្មទណ្ឌទាំងនោះ។

អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលធ្លាប់ជាមនុស្សជិតស្និទ្ធរបស់ប្រធានាធិបតី លោក Miguel Diaz-Canel បានដឹកនាំកំណែទម្រង់រូបិយវត្ថុសំខាន់ៗ នៅក្នុងប្រទេសគុយបា កាលពីឆ្នាំ២០២១ ដែលត្រូវបានគេមើលឃើញថា ជាមហន្តរាយសម្រាប់សេដ្ឋកិច្ចដែលជួបការលំបាករួចហើយ។
សេចក្តីថ្លែងការណ៍របស់តុលាការបានឲ្យដឹងថា៖ «លោក Gil បានប្រើតួនាទីរបស់លោក តាមវិធីមិនស្មោះត្រង់ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន យកលុយពីក្រុមហ៊ុនបរទេស និងបានសូកប៉ាន់មន្ត្រីផ្សេងទៀត ក្នុងគោលបំណងធ្វើឲ្យការប្រព្រឹត្តិនោះស្របច្បាប់ ដើម្បីទទួលបានទ្រព្យសម្បត្តិទាំងនោះ»៕
