ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយនៅថ្ងៃអង្គារនេះថា យានអវកាស Soyuz MS-27 ដឹកអវកាសយានិក Sergei Ryzhikov និង Alexei Zubritsky របស់រុស្ស៊ី និងអវកាសយានិក Jonathan Kim របស់អង្គការណាសា បានវិលត្រឡប់មកកាន់ផែនដីវិញ ។
រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារ Roscosmos ឃើញលោក Ryzhikov និង Kim ត្រូវបានគេនាំចេញពីយានអវកាស និងពិនិត្យសុខភាព ក្រោយពេលចុះចត ។

ទីភ្នាក់ងារ Roscosmos និយាយថា យានអវកាសនេះ បានចុះចតកាលពីវេលាម៉ោង ៨ និង ៤នាទីព្រឹក ម៉ោងក្នុងស្រុកនៅទីក្រុងមូស្គូនាថ្ងៃអង្គារនេះ នៅជិតទីក្រុង Kazakh របស់ប្រទេសកាហ្សាក់ស្ថាន ។
យោងតាមការអះអាងរបស់អង្គការណាសាដែលជាទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមអវកាសយានិកទាំងអស់នេះ បានវិលត្រឡប់មកកាន់ផែនដីវិញ ក្រោយបញ្ចប់បេសកកម្មរយៈពេល ៨ខែនៅស្ថានីយអវកាសអន្តរជាតិ ISS ៕
