នៅថ្ងៃអង្គារនេះ ក្មេងៗនាំគ្នាដើរកាត់គំនរបាក់បែក និងកម្ទេចកម្ទីបណ្តាលមកពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នងនៅទីក្រុង Deir al-Balah ដែលក្រុមគ្រូពេទ្យបឋមប៉ាឡេស្ទីននិយាយថា បានសម្លាប់មនុស្សម្នាក់ ។
អ្នកស្រី Oum al-Abd al-Jarjawi គឺជាម្តាយមីងបុរសម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ និយាយថា ពួកគេអង្គុយនៅក្នុងផ្ទះរបស់ពួកគេ ដោយគិតថា ពួកគេមានសុវត្ថិភាព ពីព្រោះថា មានបទឈប់បាញ់ ហើយនិងគ្មានអ្វីកើតឡើងនោះទេ ។

អ្នកស្រីបន្តថា ក្មួយប្រុសរបស់គាត់ ត្រូវបានគ្រាប់បែកធ្លាក់ចំ ហើយម្តាយក្មួយប្រុសរបស់គាត់ នៅមិនឆ្ងាយពីគ្នានោះទេ ប៉ុន្តែព្រះបានសង្រ្គោះម្តាយក្មួយប្រុសគាត់ ។ គ្មានទេកន្លែងមានសុវត្ថិភាពនៅទីនេះ គ្មានការយោគយល់នោះទេសម្រាប់បទឈប់បាញ់ សង្រ្គាមនៅតែបន្ត ជនប៉ាឡេស្ទីនត្រូវបានអ៊ីស្រាអែលទម្លាក់គ្រាប់បែកស្ទើរាល់ថ្ងៃ នៅតាមផ្ទះរបស់ពួកគេ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេវាយប្រហារក្រុមជីវពលហាម៉ាស ដែលមានផែនការវាយប្រហារជិតកើតឡើងលើកងកម្លាំងរបស់ពួកគេ ។
អ៊ីស្រាអែល បានវាយប្រហារឥតឈប់ឈរតាមច្រកអាកាស ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ដោយពួកគេអះអាងថា ការវាយប្រហារទាំងអស់នេះ មានគោលបំណងទប់ស្កាត់ការវាយប្រហារ ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ ។
ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣៧៣នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ។ ចំណែកឯទាហានអ៊ីស្រាអែល ៣នាក់ ត្រូវបានសម្លាប់ផងដែរ ដោយក្រុមជីវពលហាម៉ាស ៕
