សមាជិកពីរនាក់របស់ក្រុមអាល់កៃដា ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅខេត្ត Marib នៃប្រទេសយេម៉ែន មានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Sanaa។
ប្រភពសន្តិសុខមួយ បានប្រាប់សារព័ត៌មានស៊ីនហួថា យានដ្រូនអាមេរិកមួយគ្រឿង បានកំណត់គោលដៅទៅលើផ្ទះមួយខ្នង នៅក្នុងតំបន់ Wadi Obeida ក្នុងខេត្ត Marib ដោយបានសម្លាប់សមាជិកអាល់កៃដា ពីរនាក់ និងបង្កឲ្យអ្នកផ្សេងទៀត រងរបួស។

កាលពីចុងខែវិច្ឆិកា ការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក បានកំណត់គោលដៅលើម៉ូតូមួយគ្រឿង នៅក្នុងតំបន់ Al-Husoon នៃស្រុក Al-Wadi ភាគខាងកើតខេត្ត Marib ភាគកណ្តាលប្រទេសយេម៉ែន ដោយបានសម្លាប់ភ្នាក់ងារអាល់កៃដា ពីរនាក់។
ទាំងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ មិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងហេតុការណ៍នេះទេ។
គួរបញ្ជាក់ផងដែរថា Marib ដែលជាខេត្តយុទ្ធសាស្ត្រ និងសម្បូរប្រេង គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយេម៉ែន។ ទាំងក្រុមអាល់កៃដា និងក្រុមហ៊ួទី បានព្យាយាមពង្រីកសកម្មភាពរបស់ពួកគេ នៅក្នុងខេត្តនេះ ចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើម នៅចុងឆ្នាំ ២០១៤៕
