កូរ៉េខាងត្បូងនិយាយថា នៅថ្ងៃអង្គារនេះ ពួកគេបានចេញយន្តហោះចម្បាំង ក្រោយយន្តហោះយោធារុស្ស៊ី ៧គ្រឿង និងយន្តហោះយោធាចិន ២គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន ។
នាយអគ្គសេនាធិការចម្រុះក្រុងសេអ៊ូលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះយោធារុស្ស៊ី និងយន្តហោះយោធាចិន បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ កាលពីវេលាម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ ។

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា យោធានិយាយថា យន្តហោះបានហោះចូល និងហោះចេញតំបន់រយៈពេល ១ម៉ោង មុនពេលចាកចេញទៅបាត់ ។
យន្តហោះទាំងនេះ ត្រូវបានគេប្រទះឃើញ មុនពេលវាចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់ធំទូលាយមួយដែលប្រទេសនានា ធ្វើការត្រួតពិនិត្យយន្តហោះរបស់ខ្លួន សម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែវាមិនមែនជាដែនអាកាសរបស់ពួកគេនោះឡើយ ។
ចាប់តាំងពីឆ្នាំ ២០១៩ រហូតមក ចិន និងរុស្ស៊ី តែងតែធ្វើការហោះហើរយន្តហោះយោធារបស់ពួកគេចូលទៅក្នុងតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង ដោយពុំបានជូនដំណឹងជាមុន ដោយពួកគេលើកឡើងពីសមយុទ្ធយោធារួមគ្នា ។
កាលពីខែវិច្ឆិកា ឆ្នាំមុន ទីក្រុងសេអ៊ូល បានចេញយន្តហោះរបស់ខ្លួនដូចគ្នា ពេលដែលយន្តហោះយោធាចិន ៥គ្រឿង និងយន្តហោះយោធារុស្ស៊ី ៦គ្រឿង ហោះឆ្លងកាត់តំបន់ការពារដែនអាកាសរបស់ពួកគេ ៕
