ក្រោយមានការផ្ទុះសង្គ្រាមព្រំដែនជាថ្មីនាពេលនេះ មហាគ្រួសារខ្មែរនៅជួរក្រោយបានរួបរួមគ្នា ចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងបរិភោគ ដើម្បីផ្ដល់ជូនកងកម្លាំងជួរមុខ ក៏ដូចជាជនភៀសសឹកដោយសារការឈ្លានពានរបស់ភាគីថៃ។
ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយ នៅថ្ងៃនេះ បានបង្ហាញមហាសាមគ្គីភាពគ្នាជាថ្មី ដោយនាំគ្នានាំយកនូវសម្ភារ គ្រឿងបរិភោគ តិចច្រើន ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាជួយដល់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។
រូបភាពនៃការចូលរួមរបស់មហាគ្រួសារខ្មែរនេះ គឺស្ថិតនៅទីតាំង បឹងកក់ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមតាំងពីពេលរសៀលមកម្លេះ។ ជាប្រជាពលរដ្ឋខ្មែរ ពួកគាត់លើកឡើងភាពជារួមមួយគឺថា ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយ គឺនៅបន្តគាំទ្រជួយឧបត្ថម្ភដល់វីរៈកងទ័ពខ្មែរនៅជួរមុខជានិច្ច ក៏ដូចជាគាំទ្រដល់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវភៀសសឹក។ ការលះបង់ របស់វីរៈកងទ័ពខ្មែរ ពិតជាធំធេង ដែលហ៊ានពលី ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ ប្រទេសថៃ។
ស្របពេលនឹងការជួយឧបត្ថម្ភនេះ ពួកគាត់ក៏បានជូនពរ ដល់វីរៈកងទ័ពខ្មែរ ជោគជ័យ សុវត្ថិភាព ក្នុងសង្គ្រាមឈ្លានពាននេះដែរ។
ការចូលរួមជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំង ក៏ដូចជាជនភៀសសឹកនៅតាមបណ្ដោយព្រំដែន គឺមានជាច្រើនទីតាំង ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តនានា។ គួរបញ្ជាក់ថា ប្រទេសថៃ បានបំពានលើកិច្ចព្រមព្រៀងសន្តិភាព និងបានធ្វើការវាយប្រហារលើកម្ពុជា ជាថ្មី ចាប់ពីថ្ងៃទី ៧ ខែធ្នូ មកម្លេះ។
អត្ថបទ៖ គឹម ហុក









