ថវិកាសន្តិសុខសង្គមរបស់ប្រទេសបារាំង បានប្រឈមជាមួយនឹងការបោះឆ្នោតដ៏សំខាន់ នៅថ្ងៃអង្គារ (ទី២ ដែលអាចបង្កឲ្យមានវិបត្តិនយោបាយថ្មី និងធ្វើឲ្យមានគម្លាតយ៉ាងធំដល់ទំហំទឹកប្រាក់ចំនួន ៣០ពាន់លានអឺរ៉ូ (៣៥ពាន់លានដុល្លារ) ក្នុងការផ្តល់មូលនិធិដល់កម្មវិធីថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងសុខុមាលភាព។
នាយករដ្ឋមន្ត្រី លោក Sebastien Lecornu មិនមានសំឡេងភាគច្រើននៅក្នុងសភានោះទេ ហើយកិច្ចប្រឹងប្រែងដ៏ប្រថុយប្រថានរបស់លោក ដើម្បីទទួលបានការគាំទ្រពីក្រុមសង្គមនិយម ក្នុងនោះរួមទាំងការផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ផងដែរ បានឃ្លាតកាន់តែឆ្ងាយពីសម្ព័ន្ធមិត្តកណ្តាលនិយម និងអភិរក្សនិយម ដោយធ្វើឲ្យជោគវាសនារបស់សេចក្ដីស្នើច្បាប់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។

សមាជិកសភា ក្នុងសភាជាន់ទាប ចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់នេះក្រោយម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៥ ម៉ោងសកល) នាថ្ងៃអង្គារនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានការអនុម័តផ្នែកខាងពន្ធជាមួយនឹងសំឡេងស្ដួចស្ដើង។ នៅពេលត្រូវបានសួរថា តើលោកស្រីគិតថា រដ្ឋាភិបាលនឹងទទួលបានការបោះឆ្នោតគាំទ្រដែរ ឬទេ រដ្ឋមន្ត្រីក្រសួងថវិកាបារាំង លោកស្រី Amelie de Montchalin បានប្រាប់ទូរទស្សន៍ BFM TV នៅថ្ងៃអង្គារថា «ខ្ញុំមិនអាចនិយាយបានឡើយ»។ លោកស្រី Montchalin បានបន្ថែមថា រដ្ឋាភិបាលអាចសន្យាផ្តល់ប្រាក់បន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់មន្ទីរពេទ្យរបស់ប្រទេស ដើម្បីទទួលបានការគាំទ្រពីគណបក្សនយោបាយដែលកំពុងរារែក ដូចជាប្លុកគណបក្ស Green ជាដើម។
មេដឹកនាំខាងក្រុមសង្គមនិយម លោក Olivier Faure បាននិយាយកាលពីថ្ងៃចន្ទថា គណបក្សរបស់លោកអាចគាំទ្រសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីមានការធ្វើសម្បទាន ក្នុងនោះរួមទាំងការផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ របស់លោក Macron រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧។ ប៉ុន្តែខាងក្រុមស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុលត្រូវបានគេរំពឹងថា នឹងបោះឆ្នោតប្រឆាំង ខណៈដែលសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល ដូចជាក្រុមកណ្តាលកណ្ដាលនិយម គឺគណបក្ស Horizon និងគណបក្សសាធារណរដ្ឋអភិរក្សនិយម អាចផ្ដល់សំឡេងអនុបវាទ ឬបោះឆ្នោត «ទេ»៕
