នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Istanbul កាលពីថ្ងៃចន្ទថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan និងរូបលោក បានព្រមព្រៀងគ្នាថា ឧស្ម័នរុស្ស៊ីអាចបន្តហូរចូលប្រទេសហុងគ្រីបាន ។
លោក Orban និយាយផងដែរថា ហុងគ្រីទទួលបានឧស្ម័ន ៧,៥ពាន់លានម៉ែត្រគូប ឆ្លងកាត់បំពង់បង្ហូរឧស្ម័ន Turkstream ក្នុងឆ្នាំនេះ ។

លោកថា ពួកយើងបានពិភាក្សាបញ្ហាថាមពលនៅថ្ងៃនេះ ។ ប្រហែលជាអ្នកបានដឹងហើយថា ហុងគ្រីបានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកថា ទណ្ឌកម្មអាមេរិកដាក់លើឧស្ម័ន និងប្រេងរុស្ស៊ី នឹងមិនប៉ះពាល់ហុងគ្រីទេ ។ ប្រហែលជាដឹងផងដែរថា ពួកយើងយល់ព្រមជាមួយរុស្ស៊ីកាលពីសប្តាហ៍មុនថា ពួកគេនឹងបន្តចែកចាយប្រេង និងឧស្ម័នដែលត្រូវបានកំណត់ឲ្យហុងគ្រី ។
លោក Orban និយាយទៀតថា តាមទស្សនៈរួមនៃស្ថានភាពថាមពលរបស់ពួកយើង នេះគឺជាបញ្ហាសំខាន់ ពួកយើងគ្មានជម្រើសធនធានផ្សេងនោះទេ ហើយនៅថ្ងៃនេះ លោកបានឯកភាពជាមួយលោកប្រធានាធិបតី Erdogan ថា ទួរគីនឹងធានាផ្លូវសុវត្ថិភាព ដើម្បីឲ្យពួកយើងអាចទទួលបានឧស្ម័នពីរុស្ស៊ីទៅកាន់ហុងគ្រី ។ តាងនាមឲ្យហុងគ្រី លោកសូមថ្លែងអំណរគុណប្រធានាធិបតីទួរគី សម្រាប់ការធានាផ្លូវនេះ សម្រាប់ពួកយើង ៕
