ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បានប្រាប់សារព័ត៌មានថា ការវាយរុលទៅមុខរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងប្រទេសស៊ូដង់ អាចបង្កឲ្យការភៀសខ្លួនទ្រង់ទ្រាយធំផ្សេងទៀត ឆ្លងកាត់ព្រំដែនរបស់ប្រទេស។
RSF បានដណ្ដើមកាន់កាប់ទីក្រុង al-Fashir របស់តំបន់ Darfur កាលពីចុងខែតុលា ជាការមានប្រៀបមួយ ក្នុងចំណោមការមានប្រៀបធំបំផុតនានារបស់ខ្លួន ក្នុងសង្រ្គាម ២ឆ្នាំកន្លះ លើកងទ័ពរបស់ស៊ូដង់។ ក្នុងខែនេះ ការរុលទៅមុខបានបន្តឆ្ពោះទៅទិសខាងកើតចូលទៅក្នុងតំបន់ Kordofan ហើយពួកគេបានដណ្តើមយកតំបន់ប្រេងដ៏ធំបំផុតរបស់ប្រទេសនេះ។

លោក Grandi បាននិយាយថា ភាគច្រើននៃមនុស្សប្រមាណ ៤០.០០០នាក់ដែលអង្គការសហប្រជាជាតិឲ្យដឹងថា ត្រូវបានបម្លាស់ទីលំនៅដោយសារអំពើហិង្សាចុងក្រោយបង្អស់នៅ Kordofan ជាតំបន់ដែលមានរដ្ឋចំនួន ៣ នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសស៊ូដង់ បានស្វែងរកកន្លែងជ្រកកោនសុវត្ថិភាព នៅក្នុងប្រទេស ប៉ុន្តែវាអាចផ្លាស់ប្តូរ ប្រសិនបើអំពើហិង្សារាលដាលដល់ទីក្រុងធំ ដូចជា El Obeid ជាដើម។
នៅក្នុងបទសម្ភាសន៍មួយពីកំពង់ផែស៊ូដង់ កាលពីយប់ថ្ងៃចន្ទ លោក Grandi បានប្រាប់ថា៖ «ប្រសិនបើការរុលទៅមុខរាល់ដល់ទីក្រុង បើទោះបីជាមិនបានគ្រប់គ្រងទាំងស្រុងក្ដី ប៉ុន្តែការណ៍ដែលត្រូវគ្របដណ្តប់ដោយសង្រ្គាមបែបនេះ ខ្ញុំប្រាកដថា យើងនឹងឃើញមានការចាកចេញបន្ថែមទៀត»។ លោកបានបន្ថែមថា៖ «យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងប្រទេសជិតខាង ក្នុងករណីដែលរឿងនេះកើតឡើង»។
ដោយបានកើតឡើងរួចហើយ សង្រ្គាមនេះបានធ្វើឲ្យមនុស្សជិត ១២លាននាក់ផ្លាស់ទីលំនៅ ក្នុងនោះរួមទាំង ៤,៣លាននាក់ដែលបានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសឆាដ ស៊ូដង់ខាងត្បូង និងកន្លែងផ្សេងទៀត ដែលនេះជាវិបត្តិបម្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក៕

