នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលលីទុយអានី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជុំវិញបញ្ហាបាឡុងហោះ មានប្រភពចេញពីបេឡារុស ដែលបានធ្វើឲ្យអាក់ខានដល់អាកាសចរណ៍ និងស្នើសុំឲ្យសភាអនុញ្ញាតឲ្យយោធាប្រតិបត្តិការជាមួយនគរបាល និងឆ្មាំព្រំដែន ។
បើសិនជាសភាឯកភាព កងទ័ពនឹងផ្តល់ការអនុញ្ញាតឲ្យកំហិតការចូលទឹកដី បញ្ឈប់រថយន្ត ឆែកឆេររថយន្ត ឆែកឆេរមនុស្ស និងឯកសាររបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ ហើយនិងឃាត់ខ្លួនអ្នកប្រឆាំង ឬសង្ស័យថាប្រព្រឹត្តបទឧក្រិដ្ឋ ។

អាកាសយានដ្ឋាន Vilnius បានបិទម្តងហើយម្តងទៀត ដោយសារបាឡុងហោះ ដែលលីទុយអានី និយាយថា ត្រូវបានបញ្ជូនដោយក្រុមរត់ពន្ធដឹកជញ្ជូនបារី និងបង្កើតការវាយប្រហារកូនកាត់ដោយបេឡារុស ដែលជាសម្ព័ន្ធជិតស្និតរបស់រុស្ស៊ី ។
បេឡារុស បានច្រានចោលការទទួលខុសត្រូវណាមួយចំពោះបាឡុងហោះទាំងអស់នេះ ហើយពួកគេបានចោទប្រកាន់លីទុយអានីថាបង្ករឿង រួមទាំងការបញ្ជូនយានដ្រូនទម្លាក់សម្ភារៈជ្រុលនិយម គឺជាការចោទប្រកាន់មួយត្រូវបានលីទុយអានី បដិសេធន៍ចោលដូចគ្នា ៕
