អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្ស ២សែននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគខាងកើតប្រទេសកុងហ្គោ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលក្រុមឧទ្ទាមគាំទ្រដោយរ្វ៉ាន់ដា រុលចូលទៅដល់ទីក្រុងយុទ្ធសាស្ត្រមួយ ដោយកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Donald Trump ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសរ៉្វាន់ដា និងកុងហ្គោ ដើម្បីប្រកាសពីសន្តិភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ (ទី៨ ខែធ្នូ) UN បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ៧៤នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល និង ៨៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររបួស អំឡុងពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ នៅក្នុងតំបន់ រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មន្ត្រីក្នុងតំបន់ និងអ្នកស្រុក បាននិយាយថា ក្រុម M23 ដែលគាំទ្រដោយរ៉្វាន់ដា បាននិងកំពុងរុលឆ្ពោះទៅកាន់ទីក្រុងមាត់បឹង Uvira ជាប់ព្រំដែនជាមួយប្រទេសប៊ូរ៉ាន់ឌី ហើយកំពុងប្រយុទ្ធជាមួយកងទ័ពកុងហ្គោ និងក្រុមក្នុងតំបន់ដែលគេស្គាល់ថា Wazalendo នៅក្នុងភូមិភាគខាងជើងជាច្រើននៃទីក្រុងនេះ។

សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមឧទ្ទាមបានដណ្តើមកាន់កាប់ទីក្រុង Luungi ជាទីប្រជុំជនដែលបានកា្លយជាបន្ទាត់នៃសមរភូមិជួរមុខ ចាប់តាំងពីខែកុម្ភៈ ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងប្រព្រឹត្តទៅ នៅក្បែរ Sange និង Kiliba ដែលជាភូមិផ្សេងទៀត នៅតាមបណ្តោយផ្លូវឆ្ពោះទៅទីក្រុង Uvira ពីភាគខាងជើង។
ប្រធានាធិបតីអាមេរិក បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរបស់ប្រទេសរ៉្វាន់ដា និងកុងហ្គោ ក្នុងទីក្រុង Washington កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការប្តេជ្ញាចិត្ត ដែលត្រូវបានសម្របសម្រួលដោយអាមេរិក និងកាតា ដើម្បីបញ្ចប់សង្រ្គាមនេះ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងតាមដានស្ថានការណ៍នេះ ដោយធ្វើការទាំងជាមួយកុងហ្គោ និងរ៉្វាន់ដា ហើយថា «ប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ ចំពោះភាគីទាំង២ ថា ការអនុវត្ត គឺជាអ្វីដែលលោកនឹងវិនិច្ឆ័យ ហើយដូចដែលលោកបានប្រាប់ លោកកំពុងរំពឹងថា នឹងឃើញលទ្ធផលភ្លាមៗ»៕

