ប្រធានាធិបតីអាមេរិក លោក Donald Trump ជឿជាក់ថា អ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត ដោយលើកឡើងពីកង្វះខាតលទ្ធិប្រជាធិបតេយ្យ ដោយសារតែការពន្យារពេលរបស់ថ្នាក់ដឹកនាំរបស់ប្រទេស ក្នុងអំឡុងពេលមានសង្រ្គាមទ្រង់ទ្រាយធំនេះ។ នេះបើយោងតាមបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន Politico។
តាមរយៈការយល់ឃើញរបស់លោក សង្គ្រាមនៅអ៊ុយក្រែន ត្រូវបានគេប្រើ ដើម្បីបញ្ចៀសការរៀបចំការបោះឆ្នោត។ លោកបានលើកឡើងថា៖ «ប្រទេសនេះមិនមានការបោះឆ្នោតយូរមកហើយ។ អ្នកដឹងទេថា ប្រទេសនេះនិយាយអំពីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែវាឈានដល់ចំណុចមួយ ដែលវាមិនមែនជាប្រជាធិបតេយ្យទៀតទេ»។
លោក Trump បានបន្ថែមថា ការបោះឆ្នោត អាចបញ្ជាក់ពីការគាំទ្រដល់លោក Volodymyr Zelenskyy ផងដែរ។ អ្នកនយោបាយរូបនេះបានបញ្ជាក់ថា៖ «ហើយប្រហែលជាលោក Zelenskyy នឹងឈ្នះ។ ខ្ញុំមិនដឹងថា អ្នកណានឹងឈ្នះទេ ប៉ុន្តែពួកគេ (ប្រជាជនអ៊ុយក្រែន) មិនមានការបោះឆ្នោតយូរមកហើយ»។
គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភាមុនកាលកំណត់ ក្នុងអំឡុងពេលមានច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន គឺអាចធ្វើទៅបានតាមទ្រឹស្តី ប៉ុន្តែការរៀបចំការបោះឆ្នោតក្រោមលក្ខខណ្ឌបែបនេះនាំមកនូវហានិភ័យធ្ងន់ធ្ងរ សម្រាប់ស្ថិរភាពនយោបាយ។ ការគំរាមកំហែងដ៏ធំបំផុត គឺកង្វះការធានាសុវត្ថិភាព សម្រាប់អ្នកបោះឆ្នោត ចំពេលមានការវាយប្រហារឥតឈប់ឈរ នៅទូទាំងប្រទេស។
នៅថ្ងៃទី២៦ ខែតុលា ការបោះឆ្នោតមូលដ្ឋានទៀងទាត់ គ្រោងនឹងកើតឡើងទៅនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែដំណើរការនេះមិនអាចប្រព្រឹត្តទៅបានឡើយ ដោយសារតែច្បាប់អាជ្ញាសឹក៕