មន្ត្រីសន្តិសុខអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) នេះថា អ៊ីស្រាអែលគ្រោងនឹងបើកឡើងវិញនូវច្រក Allenby Crossing ជាមួយហ្ស៊កដានី សម្រាប់ការឆ្លងកាត់ទំនិញ និងជំនួយ នៅថ្ងៃពុធ។
ច្រកឆ្លងកាត់ព្រំដែននេះ ត្រូវបានបិទមិនឲ្យជំនួយ និងទំនិញចេញ-ចូល ចាប់តាំងពីខែកញ្ញា នៅពេលដែលអ្នកបើកបរម្នាក់នាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បានបើកការបាញ់ប្រហារ និងសម្លាប់បុគ្គលិកយោធាអ៊ីស្រាអែល ២នាក់ មុនពេលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។
មន្ត្រីសន្តិសុខបាននិយាយថា ច្រកឆ្លងកាត់នេះ នឹងរឹតបន្តឹងការត្រួតពិនិត្យលើអ្នកបើកបរជនជាតិហ្ស៊កដានី និងរថយន្តដឹកទំនិញ ហើយថា កម្លាំងសន្តិសុខពិសេស ត្រូវបានចាត់តាំងប្រចាំនៅច្រកឆ្លងកាត់នេះ។
ច្រកឆ្លងកាត់ Allenby Bridge គឺជាផ្លូវដ៏សំខាន់ សម្រាប់ពាណិជ្ជកម្ម រវាងប្រទេសហ្ស៊កដានី និងអ៊ីស្រាអែល ហើយជាច្រកតែមួយគត់ សម្រាប់ជនជាតិប៉ាឡេស្ទីនជាង ៣លាននាក់ នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីធ្វើដំណើរទៅហ្ស៊កដានី និងពិភពលោកដ៏ទូលំទូលាយផ្សេងទៀត។
ផ្លូវឆ្លងកាត់នេះបានបើកឡើងវិញ ចំពោះចរាចរណ៍អ្នកដំណើរភ្លាមៗ បន្ទាប់ពីមានការវាយប្រហារនោះ ប៉ុន្តែនៅតែបិទចំពោះរថយន្តដឹកទំនិញ។ អង្គការសហប្រជាជាតិឲ្យដឹងថា ច្រកឆ្លងកាត់នេះ គឺជាផ្លូវដ៏សំខាន់មួយ សម្រាប់ការនាំយកអាហារ តង់ និងទំនិញផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា៕