វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ការអះអាងរបស់អឺរ៉ុប ដែលថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បង្កើតសហភាពសូវៀតឡើងនោះ គឺមិនត្រឹមត្រូវឡើយ ហើយការអះអាងដែលថា លោក Putin មានផែនការឈ្លានពានប្រទេសសមាជិករបស់អង្គការណាតូ (NATO) គឺជាការនិយាយដោយមិនមានការគិតមុខគិតក្រោយទាំងស្រុង។
លោក Putin ដែលបានកើតនៅសម័យសហភាពសូវៀត ក្នុងឆ្នាំ២០០៥ បានចាត់ទុកការដួលរលំនៃសហភាពសូវៀតថា ជាមហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សរ៍ទី២០ ដោយសារតែប្រជាជនរុស្ស៊ីរាប់សិបលាននាក់ បានស្ថិតនៅក្នុងភាពក្រីក្រ ហើយរុស្ស៊ីខ្លួនឯងបានប្រឈមនឹងការគំរាមកំហែងនៃការបែកបាក់។
ក្រុមអ្នកប្រឆាំង និយាយថា ប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់លោក Putin កំពុងធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំងនៃភាពមិនសមហេតុផល និងការគាបសង្កត់ ដែលអាចប្រៀបធៀបទៅនឹងសម័យលោក Leonid Brezhnev របស់សហភាពសូវៀត។ មេដឹកនាំលោកខាងលិច និយាយថា លោក Putin ប្រសិនបើលោកឈ្នះសង្គ្រាមនៅអ៊ុយក្រែន ថ្ងៃណាមួយ នឹងវាយប្រហារអង្គការណាតូ។
លោក Putin បានបដិសេធម្តងហើយម្តងទៀតថា លោកមិនមានផែនការវាយប្រហារអង្គការណាតូទេ ហើយបាននិយាយថា វិធានការបែបនេះ នឹងក្លាយជារឿងល្ងង់ខ្លៅ សម្រាប់រុស្ស៊ី ដោយសារឧត្តមភាពយោធាធម្មតារបស់អង្គការណាតូខ្លាំងជាងរុស្ស៊ី។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូថា លោក Putin ចង់នាំយក «សហភាពសូវៀតចាស់» ត្រឡប់មកវិញ ហើយថា អឺរ៉ុបត្រូវតែការពារខ្លួនប្រឆាំងនឹងអ្វីដែលលោកបានយល់ថា គឺជាចេតនារបស់រុស្ស៊ីយ៉ាងច្បាស់លាស់ ដែលបានកំណត់នៅក្នុងគោលលទ្ធិរដ្ឋរុស្ស៊ី ដើម្បីវាយប្រហារអង្គការណាតូ។
នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក Merz អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះមិនមែនជាការពិតឡើយ។ លោក Vladimir Putin មិនចង់បង្កើតសហភាពសូវៀតឡើងវិញទេ ព្រោះវាមិនអាចទៅរួចឡើយ ហើយរូបលោកផ្ទាល់បានបញ្ជាក់រឿងនេះម្តងហើយម្តងទៀត»៕