រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបសមភាគីហុងគ្រីរបស់លោកគឺលោក Peter Szijjarto នៅក្នុងទីក្រុងមូស្គូនាថ្ងៃអង្គារនេះ ។
មុនពេលជំនួប លោក Szijjarto មានកិច្ចប្រជុំមួយជាមួយគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ហុងគ្រី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិកាសេដ្ឋកិច្ច ។
ថ្លែងទៅកាន់សារព័ត៌មាន ក្រោយជំនួបគណៈកម្មការអន្តររដ្ឋាភិបាល លោក Szijjarto និយាយថា ក្រុមហ៊ុនប្រតិបត្តិការបំពង់បង្ហូរឧស្ម័ន TurkStream នឹងអាចធ្វើធុរកិច្ចដោយគ្មានបញ្ហាណាមួយនោះឡើយ ក្រោយពួកគេផ្ទេរពីហូឡង់ទៅកាន់ហុងគ្រី ដោយសារកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ។
លោក Szijjartoនិយាយថា កិច្ចព្រមព្រៀងនេះ នឹងធានាថា កិច្ចការជំនួញហិរញ្ញវត្ថុពាក់ព័ន្ធនឹងប្រតិបត្តិការរបស់បំពង់បង្ហូរឧស្ម័ន TurkStream ពុំស្ថិតក្រោមទណ្ឌកម្មសហរដ្ឋអាមេរិកនោះទេ ។
គួរឲ្យដឹងថា នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Istanbul កាលពីថ្ងៃចន្ទថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan និងរូបលោក បានព្រមព្រៀងគ្នាថា ឧស្ម័នរុស្ស៊ីអាចបន្តហូរចូលប្រទេសហុងគ្រីបាន ។
លោក Orban និយាយផងដែរថា ហុងគ្រីទទួលបានឧស្ម័ន ៧,៥ពាន់លានម៉ែត្រគូប ឆ្លងកាត់បំពង់បង្ហូរឧស្ម័ន Turkstream ក្នុងឆ្នាំនេះ ។
លោកនិយាយទៀតថា ពួកយើងបានពិភាក្សាបញ្ហាថាមពលនៅថ្ងៃនេះ ។ ប្រហែលជាអ្នកបានដឹងហើយថា ហុងគ្រីបានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកថា ទណ្ឌកម្មអាមេរិកដាក់លើឧស្ម័ន និងប្រេងរុស្ស៊ី នឹងមិនប៉ះពាល់ហុងគ្រីទេ ។ ប្រហែលជាដឹងផងដែរថា ពួកយើងយល់ព្រមជាមួយរុស្ស៊ីកាលពីសប្តាហ៍មុនថា ពួកគេនឹងបន្តចែកចាយប្រេង និងឧស្ម័នដែលត្រូវបានកំណត់ឲ្យហុងគ្រី ៕