ពលរដ្ឋអាហ្វហ្គានីស្ថានចូលសញ្ជាតិអាមេរិក បានជំរុញឲ្យសាធារណជនមិនត្រូវវាយតម្លៃសហគមន៍របស់ពួកគេនោះឡើយ ក្រោយហេតុការណ៍បាញ់ប្រារកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីប្រជុំជនក្នុងទីក្រុងវ៉ាស៊ីនតោន ពេលដែលជនជាតិអាហ្វហ្គានីស្ថានម្នាក់ គឺលោក Rahmanullah Lakanwal ត្រូវបានចោទប្រកាន់ថា បានបាញ់ប្រហារលើសមាជិកឆ្មាំជាតិ ២នាក់ ដោយបានសម្លាប់ឆ្មាំជាតិម្នាក់ និងឆ្មាំជាតិម្នាក់ទៀត រងរបួសធ្ងន់ ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេពុំទាន់បានកំណត់មូលហេតុនៃការបាញ់ប្រហារនេះឡើយ ប៉ុន្តែឧបទ្ទេវហេតុខាងលើ បានធ្វើឲ្យការត្រួតពិនិត្យកាន់តែតឹងរឹងជាងនេះ លើការធ្វើអន្តោប្រវេសន៍របស់ពលរដ្ឋអាហ្វហ្គានីស្ថាន រួមទាំងអ្នកកាន់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស(SIV)ដែលជួយកងកម្លាំងសហរដ្ឋអាមេរិកផងដែរ ។
លោក Janis Shinwari គឺជាអតីតអ្នកបកប្រែបម្រើការឲ្យទាហានសហរដ្ឋអាមេរិករយៈពេល ១០ឆ្នាំនៅអាហ្វហ្គានីស្ថាន និយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានកាន់ទិដ្ឋាការ SIV មិនគួរទទួលការស្តីបន្ទោសសម្រាប់ទង្វើរបស់មនុស្សម្នាក់នោះឡើយ ។
លោក Shinwari បច្ចុប្បន្នជាពលរដ្ឋអាមេរិក និងជាស្ថាបនិកបង្កើតមូលនិធិ No One Left Behind និយាយថា នោះពុំមែនជាការសម្រេចចិត្តត្រឹមត្រូវនោះទេ ដើម្បីបញ្ឈប់ពួកគេពីការមកកាន់ទីនេះ ឬបញ្ជូនពួកគេមួយចំនួនត្រឡប់ទៅវិញ ដោយសារតែស្ថានការទិដ្ឋាការរបស់ពួកគេ ។
លោកថា ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើននាក់ បានមកកាន់សហរដ្ឋអាមេរិក ដើម្បីមានអនាគតល្អប្រសើរ សម្រាប់កូនៗរបស់ពួកគេ ។
នៅរដ្ឋ Virginia លោក Ahmad Mayar គឺជាប្រធានប្រតិបត្តិគម្រោង Afghan Community Outreach និយាយថា ករណីបាញ់ប្រហារនេះ បានធ្វើឲ្យប៉ះពាល់រួចទៅហើយដល់អារម្មណ៍នៅកន្លែងការងារចំពោះពលរដ្ឋអាហ្វហ្គានីស្ថាន និងអ្នកជិតខាងរបស់ពួកគេ ។
លោកនិយាយទៀតថា ឧបទ្ទេវហេតុបាញ់ប្រហារនេះ បានធ្វើឲ្យប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា ហើយសហគមន៍របស់ពួកយើង មិនចង់ឲ្យពួកគេវាយតម្លៃកេរ្តិ៍ឈ្មោះរបស់ពួកយើង ដោយសារតែទង្វើរបស់មនុស្សម្នាក់នោះឡើយ ៕