នាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ រៀបចំកម្មវិធី "ប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម" ដែលនេះជាការប្រកួតប្រជែងលើកទី២ នៅកម្ពុជា ដោយបានប្រព្រឹត្តទៅនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការអប់រំបច្ចេកវិទ្យាដល់ក្មេងស្រី លើកកម្ពស់ការចូលរួម និងការឈោងចាប់អាជីព កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា បញ្ជ្រាបឧស្សាហកម្មហ្គេម ក្នុងវិស័យអប់រំ កែប្រែក្មេងស្រីមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្លាយជាអ្នកបង្កើតប្រកបដោយនវានុវត្ត។
ពិធីបើកនៃកម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ការិយាល័យនវានុវត្តន៍ប្រទេសស៊ុយអែត ក្រុមហ៊ុន Bitget ព្រមទាំងសហការីទាំងអស់ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម និងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមលើកកម្ពស់បរិវត្តកម្មនៃការអប់រំឌីជីថលនៅកម្ពុជាតាមរយៈការអនុវត្ត កម្មវិធីអប់រំបង្កើតហ្គេមនេះ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកជំទាវបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះបានចូលរួមគាំទ្រពង្រឹងចំណេះដឹង ផ្នែកបច្ចេកវិទ្យាជំនាញឌីជីថល សហគ្រិនភាព ការកសាងអាជីព លើកកម្ពស់ការអនុវត្តកម្មវិធីនវានុវត្តបច្ចេកវិទ្យាក្នុងគោលបំណងលើកទឹកចិត្តដល់សាលារៀន លោកគ្រូ អ្នកគ្រូចូលរួមក្នុងពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា និងបំណិនទន់ផ្សេងៗដល់សិស្សានុសិស្សយើង ដូចជាការដំណោះស្រាយបញ្ហា ការសហការធ្វើការងារជាក្រុម ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ជាពិសេសការចេះស្វ័យសិក្សាដែលជាបំណិនចាំបាច់ឆ្លើយតបទៅនឹងភាពរីកចម្រើននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលអាចបានប្រែក្លាយយុវសិស្សកម្ពុជាទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិនាពេលអនាគត។
ក្នុងឱកាសនៃពិធីបើកនេះ មានការប្រគល់រង្វាន់ជូនដល់ជ័យលាភីការប្រកួតប្រជែងកម្មវិធីអប់រំបង្កើតហ្គេមកម្រិតសាកលឆ្នាំ២០២៥ “ Global UNICEF Game Jam 2025” ដែលក្នុងការប្រកួតប្រជែងកម្រិតសាកលនេះមានការចូលរួមជាង ៥០ក្រុម មកពី ៨ប្រទេស ក្នុងនោះបេក្ខជនពីកម្ពុជាចំនួន ៤ក្រុមបានទទួលបានពានរង្វាន់ ក្នុងចំណោមជ័យលាភីសរុបទាំង ៧ក្រុម ដែលត្រូវប្រកាសឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ៕





