ភ្នំពេញ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបងប្អូនពលរដ្ឋភៀសសឹក ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតទល់ជាមួយសត្រូវឈ្លានពាន ខណៈសម្ដេចអំពាវនាវសប្បុរសជនជួយទិញស្រូវធ្វើអំបុកផ្ដល់ជូនកងទ័ព និងពលរដ្ឋភៀសសឹក «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន» ។
សម្ដចតេជោបានសរសេរថា សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាន និងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។
សម្ដេចតេជោ បានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។
សម្ដេចតេជោបានសង្កេតបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ ខ្ញុំយល់ថាជាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយ និងការផ្តល់អំបុកបន្ថែម។
សម្ដេចថ្លែងថា៖«ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២ គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»។

