លោកប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ក្រុមមេដឹកនាំអឺរ៉ុបថា ទន់ខ្សោយ ហើយបានលើកឡើងថា សហរដ្ឋអាមេរិកអាចកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Politico លោកបាននិយាយថា បណ្ដាប្រទេសអឺរ៉ុប ដែលកំពុងអន់ថយ បានបរាជ័យក្នុងការគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ ឬចាត់វិធានការម៉ឺងម៉ាត់ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី ដោយចោទប្រកាន់ពួកគេថាអនុញ្ញាតឱ្យទីក្រុងគីវប្រយុទ្ធរហូតដល់ពួកគេដួលរលំ។
ក្រុមមេដឹកនាំអឺរ៉ុបបានព្យាយាមបង្កើតតួនាទីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម ដែលពួកគេខ្លាចថានឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រយៈពេលវែងរបស់ទ្វីបនេះ ដោយចង់ឲ្យមានដំណោះស្រាយឆាប់រហ័ស។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រីអ៊ីវ៉េត ខូភ័រ ( Yvette Cooper) បាននិយាយថា អ្វីដែលលោកស្រីបានមើលឃើញនៅអឺរ៉ុបគឺ «កម្លាំង» ដោយលើកឡើងពីការវិនិយោគលើវិស័យការពារជាតិ ក៏ដូចជាការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ។លោកស្រីបានបន្ថែមថា ប្រធានាធិបតីពីររូបកំពុង «ធ្វើការដើម្បីសន្តិភាព» ដោយសំដៅលើលោក Trump និងប្រធានាធិបតីអ៊ុយក្រែន Zelenskyy ហើយប្រធានាធិបតីមួយរូបគឺ លោក Putin រហូតមកដល់ពេលនេះគ្រាន់តែស្វែងរកការបង្កើនជម្លោះជាមួយនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលបន្ថែមទៀតតែប៉ុណ្ណោះ។
លោក Trump បានបន្តបង្កើនសម្ពាធលើលោក Zelenskyy ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ហើយបានជំរុញឱ្យរូបលោក "លេងបាល់" ដោយប្រគល់ទឹកដីទៅឱ្យទីក្រុងមូស្គូ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនពេញបន្ទុកកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោក Zelensky បានសរសេរលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ុយក្រែន និងអឺរ៉ុបកំពុងធ្វើការយ៉ាងសកម្មលើគ្រប់ផ្នែកទាំងអស់នៃជំហានដែលអាចកើតមានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម៕

