ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញនេះ ដោយរោគាពាធ។
គួរបញ្ជាក់ដែរថា ភ្លាមៗនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិតសំដែងនូវការក្ដុកក្ដួលនិងសោកស្តាយជាមួយក្រុមគ្រួសារ នៃសពគឺលោកជំទាវ សុខ លាង ។
លិខិតមានខ្លឹមសារយ៉ាងដូច្នេះ៖ លោកជំទាវជាទីរាប់អាន! ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមីលោកជំទាវបានទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ឯកឧត្តម គឺជាការបាត់បងស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ភរិយា និងរូបខ្ញុំ សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ។
ភរិយា និងរូបខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីភរិយាខ្ញុំ និងរូបខ្ញុំ ។
គួររម្លឹកផងដែរថា ឯកឧត្តម សុខ សារឿន អតីតគឺជាមេរបស់សម្តេចតេជោ នៅក្នុងសម័យតស៊ូ៕
អត្ថបទ៖ មុត សុទ្ធ












