ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ៩ធ្នូសប្ដាហ៍នេះថា ផែនការឈប់បាញ់នៅហ្កាហ្សាមិនអាចបន្តទៅដំណាក់កាលទីពីរបានទេ ដរាបណា ការរំលោភបំពានរបស់អ៊ីស្រាអែលនៅតែបន្ត ហើយបានអំពាវនាវដល់ក្រុមអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែលឱ្យគោរពកិច្ចព្រមព្រៀង។

បទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១០តុលា បានបញ្ឈប់សង្គ្រាមដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ ប៉ុន្តែវានៅតែផុយស្រួយ ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាសចោទដាក់គ្នាស្ទើរតែរាល់ថ្ងៃអំពីការរំលោភបំពាន។

ទន្ទឹមនឹងនេះ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ក្រុមអាជ្ញាធរនឹងអនុញ្ញាតឱ្យច្រកឆ្លងកាត់ Allenby នៅលើព្រំដែនដែលគ្រប់គ្រងដោយអ៊ីស្រាអែលរវាង ហ្ស៊កដានី និងតំបន់ West Bank បើកឡើងវិញនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីដឹកជញ្ជូនជំនួយទៅកាន់ហ្កាហ្សាជាលើកដំបូងចាប់តាំងពីចុងខែកញ្ញា។

សមាជិកការិយាល័យនយោបាយក្រុមហាម៉ាស លោក Hossam Badran បានចោទប្រកាន់អ៊ីស្រាអែលថាមិនបានគោរពកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា ដោយកត់សម្គាល់ថា ក្រោមលក្ខខណ្ឌរបស់ខ្លួន អ៊ីស្រាអែលគួរតែបានបើកច្រកឆ្លងកាត់ Rafah ជាមួយអេហ្ស៊ីបឡើងវិញ និងបង្កើនបរិមាណជំនួយចូលទៅក្នុងដែនដីនេះ។
លោកបានជំរុញឲ្យក្រុមអ្នកសម្របសម្រួល ដែលរួមមានអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ចប់ការអនុវត្តដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់៕