ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍មកនេះ ដើម្បីដណ្ដើមយក និងការពារទីក្រុងយុទ្ធសាស្រ្ត Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ នៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន បានបង្ខំឱ្យប្រជាជននៅក្បែរនោះនាំគ្នាសម្រុកភៀសខ្លួនទ្រង់ទ្រាយធំ ចាកចេញពីផ្ទះសម្បែង។

កាលពីថ្ងៃទី១ ខែធ្នូ ភាគីរុស្ស៊ី បានអះអាងថាដណ្ដើកយកបានក្រុង Pokrovsk ទាំងស្រុងហើយ ប៉ុន្តែយោធាអ៊ុយក្រែនបានបដិសេធ ហើយនិយាយនៅថ្ងៃបន្ទាប់ថា ការប្រយុទ្ធគ្នាដែលផ្តោតលើមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ នៅតែកំពុងបន្ត។ ការប្រយុទ្ធដ៏ស្វិតស្វាញដើម្បីដណ្តើមយកនិងការពារក្រុង Pokrovsk បានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នករស់នៅក្បែរនោះអំពីសុវត្ថិភាព ដោយពលរដ្ឋជាច្រើនសម្រេចចិត្តចាកចេញ មុនពេលក្រុងរបស់ពួកគេក្លាយជាតំបន់សង្គ្រាម។
នៅទីក្រុង Pavlohrad ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុង Pokrovsk ក្រុមមន្រ្តីបានបង្កើតមជ្ឈមណ្ឌលឆ្លងកាត់មួយ ជាចំណុចសំចតដំបូងសម្រាប់អ្នកស្រុកដែលភៀសខ្លួនចេញពីតំបន់ Donetsk ដោយផ្តល់ការសម្រាករយៈពេលខ្លីដល់អ្នកជម្លៀស។
អាជ្ញាធរអ៊ុយក្រែន ប្រឹងប្រែងជួយដល់ការជម្លៀស ខណៈពលរដ្ឋភាគច្រើនចាកចេញពីទីនោះដោយរថយន្តក្រុង អ្នកផ្សេងទៀតជិះរថយន្តគិលានសង្គ្រោះ ហើយនៅមានមនុស្សជាច្រើនទៀតដែលមិនទាន់មានមធ្យោបាយចាកចេញទាល់តែសោះ ស្របពេលការជម្លៀសនៅតំបន់ខ្លះត្រូវជាប់គាំង៕

