យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកនេះ បានបញ្ជាក់ថាកម្ពុជា បានដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ហើយ ដោយសារបារម្ភពីសុវត្ថិភាព។
លិខិតផ្លូវការបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជូនដំណឹងដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេមឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡាកម្ពុជា សម្ដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព។
អូឡាំពិកកម្ពុជា ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម ២០២៥ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកថៃ ចំពោះការទទួលបដិសណ្ឋារកិច្ច ឈរលើស្មារតីអ្នកកីឡាដល់អត្តពលិកកម្ពុជាកំឡុងពេលស្នាក់នៅនេះ។
សូមបញ្ជាក់ថាប្រតិភូកីឡាកម្ពុជាបានបំពេញកាតព្វកិច្ចផ្លូវការទូតកីឡា និងច្បាប់កីឡាអន្តរជាតិ និងតំបន់ចប់សព្វគ្រប់ហើយ៕



