លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា រូបលោកមានគម្រោងទាក់ទងទៅកាន់មេដឹកនាំថៃ និងកម្ពុជា បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនបានផ្ទុះឡើងម្តងទៀត ជាជម្លោះមួយក្នុងចំណោមជម្លោះចំនួនប្រាំបី ដែលមេដឹកនាំអាមេរិករូបនេះនិយាយថា លោកបានបញ្ចប់ដោយការគំរាមកំហែងពន្ធ និងគោលនយោបាយ "សន្តិភាពតាមរយៈកម្លាំង" របស់រដ្ឋបាលលោក។

លោក Trump បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីល្ងាចថ្ងៃអង្គារនៅរដ្ឋ Pennsylvania ថា ថ្ងៃស្អែករូបលោកនឹងត្រូវបើកការសន្ទនាតាមទូរស័ព្ទទៅកាន់ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ ដោយជំរុញយ៉ាងខ្លាំងឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល និងឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង ដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា។
លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យភាគីទាំងពីគោរពបទឈប់បាញ់ក្រោយយោធាថៃបើកការវាយប្រហារតាមអាកាសមកលើប្រទេសកម្ពុជាដោយបានសម្លាប់ពលរដ្ឋកម្ពុជា ជាច្រើននាក់៕