យោងតាមតួលេខចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ កង្វះអាហារូបត្ថម្ភនៅតែបន្តប៉ះពាល់ដល់កុមារតូចៗនៅតំបន់ហ្កាហ្សាទោះបីជាមានបទឈប់បាញ់ដែលបានប្រកាសកាលពីពីរខែមុនក៏ដោយ ដោយកុមារជាង ៩.០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងខែតុលាតែមួយប៉ុណ្ណោះ ។

ខណៈការគំរាមកំហែងភ្លាមៗនៃទុរ្ភិក្សបានថយចុះសម្រាប់ប្រជាជនប៉ាឡេស្ទីនភាគច្រើននៃមនុស្សប្រមាណ ២,២ លាននាក់នៅតំបន់ហ្កាហ្សាបន្ទាប់ពីការប្រកាសបទឈប់បាញ់នៅថ្ងៃទី ១០ ខែតុលា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយផ្សេងទៀតរាយការណ៍ពីការបន្តរឹតបន្តឹងរបស់អ៊ីស្រាអែលលើការដឹកជញ្ជូនជំនួយមនុស្សធម៌របស់ពួកគេ ដែលពួកគេនិយាយថាធ្លាក់ចុះយ៉ាងខ្លាំងពីតម្រូវការរបស់ប្រជាជនដែលទន់ខ្សោយ និងរងរបួសដោយសារសង្គ្រាមរយៈពេលពីរឆ្នាំ ភាពគ្មានផ្ទះសម្បែង និងការរស់នៅក្នុងជម្រកដ៏តោកយាក។

លោកស្រី Tess Ingram អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារកុមារអង្គការសហប្រជាជាតិ Unicef បាននិយាយថា ក្នុងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា លោកស្រីបានជួបទារកទើបនឹងកើតជាច្រើននាក់ដែលមានទម្ងន់តិចជាងមួយគីឡូក្រាម ដោយដកដង្ហើមស្ទើរមិនដល់គ្នា។

យោងតាមតួលេខរបស់ Unicef កុមារចំនួន ៩.៣០០ នាក់ត្រូវបានព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងខែតុលា។ ចំនួននេះតិចជាងចំនួនកុមារខ្ពស់បំផុត ១៤.០០០ នាក់ក្នុងខែសីហា ប៉ុន្តែច្រើនជាងអត្រាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងអំឡុងពេលបទឈប់បាញ់ពីមុនក្នុងខែកុម្ភៈ និងខែមីនា នៃឆ្នាំនេះ។កាលពីខែតុលា ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ប្រហែល៨.៣០០នាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរផងដែរ៕