អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សប្រហែល ២០០.០០០នាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងកើតប្រទេសកុងហ្គោ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ្វ៉ាន់ដា កំពុងវាយសម្រុកលើទីប្រជុំជនយុទ្ធសាស្ត្រមួយ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរ្វ៉ាន់ដានិងកុងហ្គោ ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ (៨ ធ្នូ) សប្ដាហ៍នេះ UN បាននិយាយថា មនុស្សយ៉ាងតិច ៧៤នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល និងជាង ៨០នាក់ រងរបួសពីការប៉ះទង្គិចគ្នាជាថ្មី ដែលកាន់តែខ្លាំងក្លាឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

ក្រុមមន្ត្រីមូលដ្ឋាន និងអ្នកស្រុកនិយាយថា ក្រុម M23 ដែលគាំទ្រដោយរ្វ៉ាន់ដា កំពុងវាយឆ្ពោះទៅទីប្រជុំជនមាត់បឹង Uvira ជាប់ព្រំដែនជាមួយប្រទេសប៊ូរុនឌី និងកំពុងប្រយុទ្ធជាមួយកងទ័ពជាតិកុងហ្គោ និងក្រុមក្នុងតំបន់ ដែលគេស្គាល់ថាជា Wazalendo នៅភូមិភាគខាងជើងនៃទីប្រជុំជននេះ។

គួរឱ្យដឹងថា ប្រទេសរ្វ៉ាន់ដា បដិសេធថា ខ្លួនមិនបានគាំទ្រក្រុមឧទ្ទាមនៅកុងហ្គោនេះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិ និយាយថា មានភស្តុតាងបញ្ជាក់ច្បាស់ពីការគាំទ្ររបស់រ្វ៉ាន់ដា។ មុនពេលភាពតានតឹងចុងក្រោយក្នុងការប្រយុទ្ធគ្នានេះ ជម្លោះបានធ្វើឱ្យមនុស្សយ៉ាងតិច ១,២លាននាក់ត្រូវជម្លៀសខ្លួនរួចទៅហើយ៕