អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីដែលកំពុងចូលឈ្លានពានបានលូកចូលកាន់តែជ្រៅ ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានរាលដាលចូលដល់តំបន់ដាច់ស្រយាលនៃរដ្ឋធានីគីវ (Kyiv) ហើយលោកខាងលិចបានត្រឹមឆ្លើយតបដោយការដាក់ទណ្ឌកម្ម។

ការវាយប្រហារដោយមីស៊ីល និងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ីបានស្រោចលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើកការឈ្លានពានទ្រង់ទ្រាយធំទាំងនៅលើដី និងអាកាស ដែលបង្ខំឲ្យជនស៊ីវិលរត់ទៅស្នាក់នៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដី ដែលបណ្ដាលឲ្យមានមនុស្សប្រមាណ ១០០,០០០នាក់បានភៀសខ្លួន។ លោកប្រធានាធិបតីអ៊ុយក្រែនវិញបាននិយាយថា នៅទូទាំងអ៊ុយក្រែនវីរៈបុរសរបស់យើងយ៉ាងតិច ១៣៧នាក់បានស្លាប់់ និង ៣១៦នាក់បានរងរបួសបន្ទាប់ពីថ្ងៃដំបូងនៃការវាយប្រយុទ្ធគ្នាដោយអំពាវនាវឲ្យទាហាន និងអ្នកបម្រុងទូទាំងប្រទេសដើម្បីប្រយុទ្ធក្នុងការចល័តទ័ពទូទៅ។

យោធាអ៊ុយក្រែននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកម្ទេចរថក្រោះរុស្ស៊ី ៤គ្រឿងនៅលើផ្លូវជិតភាគខាងកើតទីក្រុងខាគីវ (Kharkiv) ដោយបានសម្លាប់កងទ័ពជិត ៥០នាក់ជិតទីប្រជុំជនមួយក្នុងតំបន់ Luhansk និងបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីចំនួន ៦គ្រឿងនៅក្នុងភាគខាងកើតរបស់ប្រទេសនេះផងដែរ។ ក្រសួងការពារជាតិរបស់រុស្ស៊ីវិញនិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់គោលដៅរបស់ខ្លួនដោយជោគជ័យសម្រាប់ថ្ងៃនេះ ហើយកាលពីមុននេះក្រសួងនេះបានអះអាងថា ខ្លួនបានកម្ទេចគោលដៅយោធាអ៊ុយក្រែនជាង ៧០កន្លែងរួមទាំងអាកាសយានដ្ឋាន ១១កន្លែងដែរ៕
អត្ថបទ៖ សុខមាន